ឱកាសការងាររាប់ម៉ឺនកន្លែង! ក្រសួងការងារជំរុញពលករត្រឡប់ពីថៃ និងអ្នករកការងារធ្វើ ទាក់ទង ១២៩៧ ទោះគ្មានជំនាញក៏អាចមានការងារធ្វើដែរ

ឱកាសការងាររាប់ម៉ឺនកន្លែង! ក្រសួងការងារជំរុញពលករត្រឡប់ពីថៃ និងអ្នករកការងារធ្វើ ទាក់ទង ១២៩៧ ទោះគ្មានជំនាញក៏អាចមានការងារធ្វើដែរ

ភ្នំពេញ៖ ក្រោយព្រះរាជពិធីបុណ្យអុំទូកបានបញ្ចប់ កញ្ញា ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅថ្ងៃទី៧ ខែវិច្ឆិកានេះថា សម្រាប់បងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ និងបងប្អូនប្រជាពលរដ្ឋទូទៅដែលកំពុងស្វែងរកការងារធ្វើ សូមកុំបង្អង់យូរ! អាចទាក់ទងទៅលេខទូរស័ព្ទ ១២៩៧ ដើម្បីទទួលបានព័ត៌មាន និងឱកាសការងារជាច្រើន។

លោកបានបញ្ជាក់បន្ថែមថា នៅទូទាំងប្រទេសកម្ពុជា បច្ចុប្បន្ននៅមានឱកាសការងាររហូតដល់ ៧៥ ៣០២ កន្លែងឯណោះ ដែលកំពុងរង់ចាំបងប្អូន។ អ្វីដែលកាន់តែពិសេសនោះ គឺសម្រាប់បងប្អូនពលករ និងប្រជាពលរដ្ឋដែលមិនទាន់មានជំនាញច្បាស់លាស់ ក៏អាចទាក់ទងមកលេខ ១២៩៧ បានដែរ ហើយក៏អាចទទួលបានឱកាសការងារធ្វើដូចគ្នាផងដែរ។

លោក ស៊ុន មេសា បានបន្តទៀតថា ក្នុងរយៈពេល ៣ ខែកន្លងមកនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន សហជីព និងអ្នកពាក់ព័ន្ធជាច្រើន បានជួយសម្របសម្រួលស្វែងរកការងារជូនបងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញ បានជាង ៣៤ ម៉ឺននាក់រួចមកហើយ។ ក្នុងចំណោមនោះ ប្រមាណ ២៧ ម៉ឺននាក់ បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន សហគ្រាស និងរោងចក្រផ្លូវការ ខណៈប្រមាណ ៧ ម៉ឺននាក់ផ្សេងទៀត បានទទួលការងារនៅតាមសហគ្រាសខ្នាតតូច និងមធ្យម សិប្បកម្ម ភោជនីយដ្ឋាន និងនៅតាមការដ្ឋានសំណង់ ជាដើម។ នេះបញ្ជាក់ថា ឱកាសការងារនៅកម្ពុជាមានច្រើន និងទូលំទូលាយសម្រាប់ទាំងអស់គ្នា។
ប្រភព ៖ (CCFR)

administrator

Related Articles