រតនគិរី៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល ៣ថ្ងៃ កន្លងទៅនេះ ខេត្តរតនគិរីបានទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់សរុបរហូតដល់ ៥៧,៦១៥នាក់ ដែលជាតួលេខដ៏គួរឲ្យកត់សម្គាល់។ នេះបើតាមការបញ្ជាក់ពីលោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី កាលពីល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោកបានបន្តថា ក្នុងចំណោមនោះ មានប្រជាពលរដ្ឋដែលដើរលេងកម្សាន្តនៅក្នុងក្រុងបានលុង ៣២,៤១៨នាក់ ភ្ញៀវទេសចរជាតិ ២៤,៣២៧នាក់ និងភ្ញៀវទេសចរអន្តរជាតិ ៨៧០នាក់។ សរុបភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមានចំនួន ២៥,១៩៧នាក់។

គួរកត់សម្គាល់ថា ស្ថានភាពទេសចរណ៍ក្នុងខេត្តរតនគិរីមានការកើនឡើងគួរឲ្យភ្ញាក់ផ្អើល បើប្រៀបធៀបនឹងពិធីបុណ្យអុំទូកឆ្នាំ២០២៤ ដែលមានភ្ញៀវទេសចរសរុបត្រឹមតែ ២១,០៦៧នាក់។ នៅឆ្នាំ២០២៥នេះ ចំនួនប្រជាពលរដ្ឋកើនឡើង ២៧.៧២% ភ្ញៀវទេសចរជាតិកើនឡើង ១៦.៨៨% និងពិសេសភ្ញៀវទេសចរអន្តរជាតិបានកើនឡើងរហូតដល់ ២៤២.៥២%។ រីឯភ្ញៀវទេសចរសរុបបានកើនឡើង ១៩.៦០%។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តបានបន្តទៀតថា ក្នុងព្រឹត្តិការណ៍បុណ្យអុំទូក ៣ថ្ងៃនេះ មានព្រឹត្តិការណ៍សំខាន់ៗជាច្រើនបានកើតឡើង៖
១. ក្រុមហ៊ុន Family Travel Cambodia សហការជាមួយក្រសួងទេសចរណ៍ រដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ បានរៀបចំព្រឹត្តិការណ៍ Family Travel Cambodia ដែលមានក្បួនរថយន្ត និងភ្ញៀវទេសចរជាតិបានធ្វើដំណើរកម្សាន្តទៅតាមរមណីយដ្ឋាននានាក្នុងខេត្ត។

២. ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមានការសប្បាយរីករាយ និងសាទរចំពោះរដ្ឋបាលខេត្ត ដែលបានរៀបចំពិធីអកអំបុក បង្ហោះគោម បាញ់កាំជ្រួច ការប្រគំតន្ត្រី និងការតាំងពិព័រណ៍ផលិតផលទេសចរណ៍ក្នុងស្រុក នៅបរិវេណមាត់បឹងកន្សែង។

៣. រដ្ឋបាលខេត្តក៏បានរៀបចំប្រទីបតាមបណ្ដាអង្គភាពនានានៅរមណីយដ្ឋានបឹងកន្សែង។

៤. ការងារអនាម័យសោភ័ណភាពទីក្រុងត្រូវបានរៀបចំយ៉ាងល្អប្រសើរ ព្រមទាំងបំពាក់ភ្លើងអគ្គិសនីតាមដងផ្លូវសាធារណៈ និងជុំវិញមាត់បឹងកន្សែង។

៥. ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ពីទីរួមខេត្តទៅកាន់តំបន់រមណីយដ្ឋាននានាមានលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ។

៦. សេវាកម្មស្នាក់នៅ និងភោជនីយដ្ឋានពុំមានការតម្លើងថ្លៃសម្រាប់ភ្ញៀវទេសចរឡើយ។
៧. សន្តិសុខ និងសណ្ដាប់ធ្នាប់ត្រូវបានធានាយ៉ាងល្អប្រសើរ។
៨. សេវាកម្មស្នាក់នៅ និងភោជនីយដ្ឋានបានអនុវត្តតាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្ត ស្ដីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្ត។

បន្ថែមពីនេះ វត្តអារាមនានាក្នុងខេត្តក៏បានរៀបចំពិធីអកអំបុក សំពះព្រះខែ និងបង្ហោះគោមផងដែរ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យនេះ។

ក្រោមការដឹកនាំ និងរៀបចំយ៉ាងយកចិត្តទុកដាក់ពីឯកឧត្ដម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានកសាងឡើងដូចជា ៖ ផ្លូវបេតុងជុំវិញបឹងកន្សែង សួនច្បារ រូបសំណាកសត្វក្តាន់ រូបសំណាកសត្វអកញីឈ្មោល រូបសំណាកគ្រួសារដំរី ខ្សែរត វិមានឯករាជ្យ។ ឯកឧត្ដមក៏បានរៀបចំសោភ័ណភាពទីក្រុងដោយបំពាក់អំពូល LED តាមដងផ្លូវ និងជុំវិញមាត់បឹងកន្សែង សម្រាប់បម្រើដល់ការកម្សាន្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៥នេះ។
