លែងបារម្ភទៀតហើយ! អាជ្ញាធររៀបចំប្រព័ន្ធលូថ្មីមុខកាត់ធំជុំវិញផ្សារបឹងព្រលិត រំដោះជំនន់ទឹកភ្លៀងជិត២០ឆ្នាំ

លែងបារម្ភទៀតហើយ! អាជ្ញាធររៀបចំប្រព័ន្ធលូថ្មីមុខកាត់ធំជុំវិញផ្សារបឹងព្រលិត រំដោះជំនន់ទឹកភ្លៀងជិត២០ឆ្នាំ

ភ្នំពេញ៖ ពលរដ្ឋរស់នៅតំបន់ជុំវិញផ្សារបឹងព្រលិត ក្នុងភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានសម្តែងក្តីរីករាយយ៉ាងខ្លាំង បន្ទាប់ពីបានឃើញអាជ្ញាធរចាប់ផ្តើមត្រៀមរៀបចំប្រព័ន្ធលូថ្មី ដើម្បីរំដោះទឹកជំនន់ដែលតែងយាយីពួកគាត់ជារៀងរាល់រដូវវស្សា អស់រយៈពេលជិត២០ឆ្នាំមកហើយ។ ប្រព័ន្ធលូចាស់ដែលមានមុខកាត់តូចៗពុំសូវដំណើរការ បានធ្វើឱ្យតំបន់នេះក្លាយជាកន្លែងទទួលរងការលិចលង់យ៉ាងធ្ងន់ធ្ងរ រហូតដល់លិចលង់ផ្ទះសម្បែងរបស់ពួកគាត់ទៀតផង។

ពលរដ្ឋបានរៀបរាប់ទាំងក្តីរំភើបថា ជារៀងរាល់ឆ្នាំ ពេលរដូវវស្សាមកដល់ ទឹកភ្លៀងតែងជន់លិចជុំវិញផ្សារបឹងព្រលិត និងបន្តហូរចូលដល់ផ្ទះរបស់ពួកគាត់បង្កការលំបាកជាខ្លាំង។ ការឃើញរថយន្តដឹកលូមកត្រៀមជីកដាក់ជុំវិញផ្សារ គឺជាក្តីសង្ឃឹមថ្មីមួយ ដែលពួកគេជឿជាក់ថា នឹងអាចកាត់បន្ថយបញ្ហាទឹកលិចលង់បានទាំងស្រុងនាពេលខាងមុខ។

លោក ស្លៃម៉ាន អិលវី អនុប្រធានភូមិអូរអណ្តូង១ បានបញ្ជាក់ថា គម្រោងដាក់ប្រព័ន្ធលូថ្មីនេះ នឹងត្រូវធ្វើឡើងជុំវិញផ្សារបឹងព្រលិត ដែលមានប្រវែងសរុប ២០០ម៉ែត្រ និងមានទំហំមុខកាត់ធំរហូតដល់ ៧តឹកកន្លះ។ ការងារជីកដាក់លូនេះ គ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះហើយ។ លោកអនុប្រធានភូមិបានសង្កត់ធ្ងន់ថា បន្ទាប់ពីការដាក់ប្រព័ន្ធលូថ្មីនេះរួចរាល់ តំបន់បឹងព្រលិតនឹងលែងជួបប្រទះបញ្ហាទឹកលិចលង់ទៀតហើយ។ ក្នុងនាមតំណាងពលរដ្ឋក្នុងភូមិ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរ ដែលបានយកចិត្តទុកដាក់ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ផងដែរថា តំបន់ជុំវិញផ្សារបឹងព្រលិតធ្លាប់រងការលិចលង់ជាប្រចាំដោយសារទីតាំងនេះជាតំបន់ដែលអភិវឌ្ឍន៍ផ្ទះល្វែងមុនគេ។ លុះដល់ពេលតំបន់ជុំវិញបានកកើតជាបុរី បានធ្វើឱ្យទីតាំងដែលអភិវឌ្ឍន៍ដំបូងគេនេះ រងការលិចលង់កាន់តែខ្លាំងឡើងៗ។ ការដាក់លូថ្មីនេះ គឺជាដំណោះស្រាយដ៏គត់មត់មួយសម្រាប់បញ្ហាប្រឈមជាច្រើនឆ្នាំ។

អត្ថបទ៖ នរា

administrator

Related Articles