រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែវិច្ឆិកាថា កងកម្លាំងទីក្រុងវ៉ាស៊ីនតោន បានកម្ទេចទូកដែលសង្ស័យថាជួញដូរគ្រឿងញៀនមួយគ្រឿងទៀតនៅតំបន់ការ៉ាប៊ីន ដែលបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់។ ដំណាលគ្នានោះ យុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់អាមេរិក កំពុងរងការរិះគន់យ៉ាងខ្លាំងពីអន្តរជាតិ។
លោក Hegseth បានបង្ហោះវីដេអូពីលើអាកាសនៃការវាយប្រហារនេះនៅលើបណ្ដាញសង្គម X ដោយបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងដែនទឹកអន្តរជាតិ និងបានកំណត់គោលដៅលើ «ទូកដែលដំណើរការដោយអង្គការភេរវករ»។ វីដេអូបានបង្ហាញពីទូកតូចមួយកំពុងធ្វើដំណើរ មុនពេលផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ។

លោក Hegseth បានរៀបរាប់ថា «ភេរវករគ្រឿងញៀន ដែលមានបុរស៣នាក់នៅលើកប៉ាល់នោះ ត្រូវបានសម្លាប់» ដោយពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីអត្តសញ្ញាណរបស់ពួកគេឡើយ។ លោកបានសរសេរបន្ថែមថា «ផ្ញើទៅកាន់ពួកភេរវករគ្រឿងញៀនទាំងអស់ដែលគំរាមកំហែងដល់មាតុភូមិរបស់យើង ប្រសិនបើអ្នកចង់នៅរស់ បញ្ឈប់ការជួញដូរគ្រឿងញៀន។ ប្រសិនបើអ្នកនៅតែបន្តជួញដូរគ្រឿងញៀន យើងនឹងប្រល័យជីវិតអ្នក»។
ប្រធានមន្ទីរបញ្ចកោណរូបនេះ បានអះអាងថា ការវាយប្រហារនេះគឺស្របទៅនឹងប្រតិបត្តិការមុនៗដែលបានចាប់ផ្តើមក្រោមការណែនាំរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការលុបបំបាត់បណ្តាញជួញដូរគ្រឿងញៀន ដែលរដ្ឋបាលអាមេរិកបានចាត់ថ្នាក់ថាជាអង្គការភេរវករ។
ចាប់តាំងពីដើមខែកញ្ញាមក យោធាអាមេរិកបានធ្វើការវាយប្រហារយ៉ាងហោចណាស់ចំនួន ១៨ដង ដោយបានបំផ្លាញទូកចំនួន ១៧គ្រឿង និងនាវាពាក់កណ្តាលមុជទឹក ១គ្រឿងនៅសមុទ្រការ៉ាប៊ីន និងប៉ាស៊ីហ្វិកភាគខាងកើត។ គួរកត់សម្គាល់ថា មន្ទីរបញ្ចកោណមិនបានបង្ហាញភស្តុតាងជាសាធារណៈថា ទូកគោលដៅបានផ្ទុកគ្រឿងញៀន ឬបង្កការគំរាមកំហែងដោយផ្ទាល់នោះឡើយ។
អ្នករិះគន់ រួមទាំងប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Türk បានថ្កោលទោសយុទ្ធនាការនេះថាជាការសម្លាប់ក្រៅប្រព័ន្ធតុលាការជាបន្តបន្ទាប់ «ដោយគ្មានហេតុផលនៅក្នុងច្បាប់អន្តរជាតិ»។
រដ្ឋបាលលោកត្រាំ បានលើកឡើងថា ការធ្វើដូច្នេះគឺដើម្បីប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀននៅអាមេរិកឡាទីន ដោយបានដាក់ពង្រាយនាវាកងទ័ពជើងទឹកចំនួន ៦គ្រឿង យន្តហោះចម្បាំងបំបាំងកាយ F-35 នៅប្រទេសព័រតូរីកូ និងក្រុមវាយប្រហារនាវា USS Gerald R. Ford ទៅកាន់តំបន់។
ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ដែលប្រឈមមុខនឹងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនរបស់អាមេរិក បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាបានប្រើប្រាស់យុទ្ធនាការនេះជាការបិទបាំងចង់ផ្លាស់ប្តូររបបក្នុងប្រទេសរបស់លោក។ លោកបាននិយាយថា «គ្មានការដាំដុះគ្រឿងញៀននៅវ៉េណេស៊ុយអេឡាទេ» ដោយអះអាងថាប្រទេសនេះកំពុងត្រូវបានគេកេងប្រវ័ញ្ចជាផ្លូវឆ្លងកាត់សម្រាប់ដឹកកូកាអ៊ីនកូឡុំប៊ីប៉ុណ្ណោះ។
ប្រែសម្រួល៖ ឈាង
