បុរសម្នាក់សម្រេចចិត្តចងកសម្លាប់ខ្លួនទាំងវ័យក្មេង ក្រោយបាត់បង់លុយក្រុមហ៊ុនជាង ២ពាន់ដុល្លារ!

បុរសម្នាក់សម្រេចចិត្តចងកសម្លាប់ខ្លួនទាំងវ័យក្មេង ក្រោយបាត់បង់លុយក្រុមហ៊ុនជាង ២ពាន់ដុល្លារ!

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបុរសម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួនចោលប្រពន្ធជាទីស្រឡាញ់ បន្ទាប់ពីបាត់បង់លុយក្រុមហ៊ុនអស់ជាច្រើនពាន់ដុល្លារ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១:៣០ រសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រង់ចំណុចផ្ទះលេខ E៨០ ផ្លូវបេតុង ក្នុងបុរី SP ភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ ហ៊ត់ សុខចាន់ ភេទប្រុស អាយុ៣៨ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន និងមានទីលំនៅនៅផ្ទះកើតហេតុខាងលើ។

យោងតាមការរៀបរាប់ពីអ្នកស្រី ឃិន ចាន់ឡឹក អាយុ៣៦ឆ្នាំ ដែលត្រូវជាភរិយាជនរងគ្រោះ បានប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ (ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥) ប្តីរបស់គាត់បានទូរស័ព្ទទៅបងស្រីដើម្បីខ្ចីប្រាក់ចំនួន ២០០០ដុល្លារអាមេរិក ដោយសារគាត់បានធ្វើឲ្យបាត់បង់លុយរបស់ក្រុមហ៊ុន។ ក្រោយមក អ្នកស្រីក៏បានចេញទៅខាងក្រៅ។ លុះមកដល់វេលាម៉ោងប្រហែល ១២:៣០ នាទីថ្ងៃដដែល អ្នកស្រី ចាន់ឡឹក បានត្រឡប់មកដល់ផ្ទះវិញ ហើយពេលចាក់សោរបើកទ្វារចូល ក៏ស្រាប់តែឃើញប្តីរបស់ខ្លួនបានចងកសម្លាប់ខ្លួនជាមួយនឹងខ្សែនីឡុង ជាប់នឹងបង្កាន់ដៃកាំជណ្ដើរទៅហើយ។ ដោយក្ដីតក់ស្លុត អ្នកស្រីក៏បានប្រញាប់ប្រញាល់កាត់ខ្សែចំណងទម្លាក់ប្តីចុះមកក្រោម ប៉ុន្តែជាអកុសល ប្តីរបស់គាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

កម្លាំងសមត្ថកិច្ចដែលបានចុះទៅដល់កន្លែងកើតហេតុ បានធ្វើការត្រួតពិនិត្យ និងរកឃើញវត្ថុតាងមួយចំនួនរួមមាន ខ្សែនីឡុងពណ៌ប្រផេះ ដែលជាឧបករណ៍សម្រាប់ចងកសម្លាប់ខ្លួន។ ចំណែកឯសពជនរងគ្រោះ ពាក់អាវយឺតដៃខ្លី និងខោជើងវែង មានសភាពរឹងផ្នែកខ្លះ។ លើសាកសព ត្រង់បរិវេណក្បាល មានស្នាមជាំទ្រុឌនៅត្រង់ក ចាប់ពីក្រោយស្លឹកត្រចៀកស្តាំចុះក្រោម រហូតដល់មុខត្រចៀកឆ្វេងចំនួន ១កន្លែង។ ចំណែកដងខ្លួន និងអវយវៈផ្សេងទៀត គឺមានសភាពធម្មតា គ្មានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ។

បន្ទាប់ពីការពិនិត្យយ៉ាងល្អិតល្អន់នៅកន្លែងកើតហេតុ រួមជាមួយនឹងការបញ្ជាក់ពីឯកឧត្ដមវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន ដែលជាគ្រូពេទ្យកោសល្យវិច័យអមសាលាដំបូងរាជធានីភ្នំពេញ បានសន្និដ្ឋានថា មូលហេតុនៃការស្លាប់របស់ជនរងគ្រោះគឺបណ្ដាលមកពីការចងកសម្លាប់ខ្លួន (អត្តឃាត) ពិតប្រាកដមែន។

បច្ចុប្បន្ន សាកសពរបស់ជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

administrator

Related Articles