(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសពីដំណឹងដ៏គួរឱ្យរីករាយមួយថា បរិមាណស្រូវសើមសរុបជិត ១ម៉ឺនតោន ត្រូវបានរោងម៉ាស៊ីនកិនស្រូវជាដៃគូរបស់ក្រសួង បើកយុទ្ធនាការប្រមូលទិញពីបងប្អូនកសិករនៅទូទាំងប្រទេសក្នុងថ្ងៃនេះ។ នេះជាសញ្ញាណវិជ្ជមានមួយបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះវិស័យកសិកម្ម និងជីវភាពប្រជាកសិករ។
ការប្រមូលទិញនេះ ត្រូវបានគេរំពឹងថានឹងបន្តកើនឡើងខ្ពស់ខ្លាំងបន្ថែមទៀតនៅក្នុងខែវិច្ឆិកានេះ ដែលជាពេលវេលានៃរដូវប្រមូលផលធំទូទាំងប្រទេស លើផ្ទៃដីដាំដុះប្រមាណ ១,៥លានហិកតា ជាមួយនឹងបរិមាណផលរំពឹងទុកចន្លោះពី ៤ ទៅ ៥លានតោនស្រូវសើម។ ក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា រួមជាមួយមន្ត្រីកសិកម្មនៅតាមឃុំ និងរោងម៉ាស៊ីនដៃគូទាំងអស់ បាននិងកំពុងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធស្ទើររៀងរាល់ថ្ងៃ ដើម្បីធានាថាការប្រមូលទិញស្រូវពីកសិករតាមទីវាលមានលំហូរជាប់ជាប្រចាំ ជៀសវាងការកកស្ទះ និងខូចខាតស្រូវរបស់កសិករ។

សូមបញ្ជាក់ថា ក្រោយការត្អូញត្អែរពីប្រជាកសិករពាក់ព័ន្ធនឹងបញ្ហាតម្លៃស្រូវ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានធ្វើអន្តរាគមន៍ជាបន្ទាន់ និងបានសហការយ៉ាងសកម្មជាមួយរោងម៉ាស៊ីនកិនស្រូវទូទាំងប្រទេស ដើម្បីប្រមូលទិញស្រូវពីកសិករក្នុងតម្លៃសមរម្យមួយ។ ជាមួយគ្នានេះ លោកក៏នៅតែបន្តអំពាវនាវដល់ប្រជាកសិករឱ្យចងក្រងជាសហគមន៍កសិកម្មទំនើប ដែលអាចធានាបានទាំងតម្លៃ គុណភាព និងស្តង់ដាររួមមួយសម្រាប់ទាំងអ្នកលក់ និងអ្នកទិញ តាមរយៈការចុះកិច្ចសន្យាផលិតកម្មច្បាស់លាស់។
ជាឧទាហរណ៍ជាក់ស្តែង សហគមន៍កសិកម្មទំនើបចំនួន ៦ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ បានចុះកិច្ចសន្យាផលិតកម្មដោយជោគជ័យជាមួយក្រុមហ៊ុន វីរៈ ប៊ុនថាំ គ្រុប ដែលនឹងទទួលទិញស្រូវស្រង៉ែស្រាលក្នុងតម្លៃចន្លោះពី ៩៥០រៀល ទៅ ១០៥០រៀល ក្នុងមួយគីឡូក្រាម។ នេះជាគំរូដ៏ល្អមួយសម្រាប់សហគមន៍កសិករផ្សេងទៀតដើម្បីអនុវត្តតាម។
