កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានបើកប្រតិបត្តិការបង្ក្រាបដ៏កក្រើកមួយ ដោយឈានទៅឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន៤នាក់ជាបន្តបន្ទាប់ ដកហូតបានវត្ថុតាងជាច្រើន។ ប្រតិបត្តិការដ៏មុតស្រួចនេះ បានធ្វើឡើងកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង៤:៣០នាទីល្ងាច នៅចំណុចភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។ ការចុះបង្ក្រាបនេះ ធ្វើឡើងតាមបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន ព្រមទាំងដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត។
នៅក្នុងដំណាក់កាលដំបូង សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០២នាក់ភ្លាមៗ រួមមាន៖ ១-ឈ្មោះ ប៊ុត វុទ្ធី ភេទប្រុស អាយុ៤០ឆ្នាំ និង ២-ឈ្មោះ ហឿន ប៊ុនឈាម ភេទប្រុស អាយុ៣៤ឆ្នាំ ដែលទាំងពីរនាក់មានទីលំនៅភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។ ពីជនសង្ស័យទាំងពីរនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០២ថង់ ទម្ងន់ ៤៨,២៩ក្រាម ទូរស័ព្ទដៃ០២គ្រឿង និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនផងដែរ។
មិនទាន់អស់ទេ! ក្រោយពីសាកសួរចម្លើយ និងមានការអនុញ្ញាតពីលោកស្នងការ និងសម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងជំនាញបានបន្តប្រតិបត្តិការរហូតដល់ម៉ោង ៦:៣០នាទីល្ងាច នៅថ្ងៃខែឆ្នាំដដែល ត្រង់ចំណុចភូមិកសិកម្ម ឃុំតាពូង ដដែល។ ជាលទ្ធផល ឃាត់ខ្លួនបានជនសង្ស័យ០២នាក់បន្ថែមទៀតគឺ៖ ១-ឈ្មោះ ស្រ៊ុង សាវឿន ហៅ ឆាង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិប៉ោយយង់ ឃុំតាពូង និង ២-ឈ្មោះ មឿង ចាន់ណា ហៅ ប៊ុនណា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។ ចំពោះវត្ថុតាងដកហូតបានរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០២ថង់ ទម្ងន់ ៩,៦៨ក្រាម ទូរស័ព្ទដៃ០២គ្រឿង ថង់ប្លាស្ទិកតូចពណ៌សថ្លា និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
គួរបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៤នាក់ ឈ្មោះ ហឿន ប៊ុនឈាម គឺជាមុខសញ្ញាចាស់ ដែលមានដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួន០២ដីកាពីបទជួញដូរគ្រឿងញៀនខុសច្បាប់ គឺដីកាលេខ ១៨៥ត.ព្រ/២៤ ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលប្រព្រឹត្តនៅភូមិនិគមក្នុង ឃុំជ្រោយស្មៅ ស្រុកថ្មគោល កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ចេញដោយចៅក្រមលោក ហៃ ណៃហេង។ និងដីកាលេខ ១០៥ត.ព្រ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលប្រព្រឹត្តនៅភូមិនរា ឃុំនរា ស្រុកសង្កែ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ចេញដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ហេង ផល្លា។
បច្ចុប្បន្ន មុខសញ្ញាជួញដូរគ្រឿងញៀនទាំង៤នាក់ រួមទាំងវត្ថុតាងទាំងអស់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធីច្បាប់៕
