គ្រោះថ្នាក់ចរាចរណ៍បន្តកន្ទុយគ្នាចំនួន ៣លើក របួសធ្ងន់២នាក់ និងខូចខាតយានយន្តជាច្រើនគ្រឿង នៅស្រុកសិរីសោភ័ណ

គ្រោះថ្នាក់ចរាចរណ៍បន្តកន្ទុយគ្នាចំនួន ៣លើក របួសធ្ងន់២នាក់ និងខូចខាតយានយន្តជាច្រើនគ្រឿង នៅស្រុកសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បន្តកន្ទុយគ្នាដល់ទៅ ៣លើក នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ បានបណ្ដាលឱ្យមនុស្ស ២នាក់រងរបួសធ្ងន់ និងយានយន្តជាច្រើនគ្រឿងរងការខូចខាតយ៉ាងដំណំ កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

យោងតាមការរៀបរាប់ពីប្រជាការពារភូមិដែលជាសាក្សីផ្ទាល់ភ្នែក បានឱ្យដឹងថា ហេតុការណ៍ដំបូងបានកើតឡើងនៅវេលាម៉ោង ៣ទៀបភ្លឺ ដោយរថយន្តម៉ាក Toyota ALPHARD ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 2C-6170 បើកបរពីទិសកើតទៅលិច បានបុកគូទត្រាក់ទ័រពីក្រោយពេញទំហឹង បណ្ដាលឱ្យរថយន្តខូចខាតផ្នែកខាងមុខខ្ទេច។ បន្ទាប់មក ម៉ូតូមួយគ្រឿងជិះគ្នា ២នាក់ ដែលធ្វើដំណើរពីលិចទៅកើត ក៏បានបុកត្រាក់ទ័រដែលកំពុងមានគ្រោះថ្នាក់នោះ បណ្ដាលឱ្យអ្នកជិះម៉ូតូទាំងពីរនាក់រងរបួសធ្ងន់ ក្នុងនោះម្នាក់បាក់ជើងម្ខាង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ លុះរំលងបានប្រហែលមួយម៉ោង រថយន្តក្រុងដឹកអ្នកដំណើរ ៤៥កៅអី ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2C-5556 ក៏បានមកបុករថយន្ត ALPHARD ដែលកំពុងរងគ្រោះជាមួយត្រាក់ទ័រនោះពីក្រោយបន្ថែមទៀត បណ្ដាលឱ្យរងការខូចខាតផ្នែកខាងមុខមួយកំណាត់។

សរុបមក គ្រោះថ្នាក់ចរាចរណ៍បន្តកន្ទុយគ្នានេះ បានបណ្ដាលឱ្យមនុស្ស ២នាក់រងរបួសធ្ងន់ (ម្នាក់បាក់ជើង) និងយានយន្តសរុប ៤គ្រឿងរងការខូចខាតធ្ងន់ធ្ងរ រួមមាន៖ ម៉ូតូ ១គ្រឿង រថយន្តក្រុង ១គ្រឿង រថយន្ត ALPHARD ១គ្រឿង និងត្រាក់ទ័រ ១គ្រឿង។

ភ្លាមៗក្រោយកើតហេតុ កម្លាំងនគរបាលចរាចរណ៍បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីវាស់វែង ធ្វើកំណត់ហេតុ សម្រួលចរាចរណ៍ និងបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ រីឯយានយន្តពាក់ព័ន្ធទាំងអស់ត្រូវបានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ចរាចរណ៍។

administrator

Related Articles