សម្តេច ហ៊ុន ម៉ាណែត ៖ កម្ពុជាសម្រេចបានសមិទ្ធផលប្រវត្តិសាស្ត្រថ្មី ក្នុងការលុបបំបាត់ការបន្ទោរបង់ពាសវាលពាសកាលទូទាំងប្រទេស!

សម្តេច ហ៊ុន ម៉ាណែត ៖ កម្ពុជាសម្រេចបានសមិទ្ធផលប្រវត្តិសាស្ត្រថ្មី ក្នុងការលុបបំបាត់ការបន្ទោរបង់ពាសវាលពាសកាលទូទាំងប្រទេស!

ភ្នំពេញ ៖ ព្រះរាជាណាចក្រកម្ពុជា បានកត់ត្រាជំពូកប្រវត្តិសាស្ត្រថ្មីមួយទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយសម្រេចបាននូវការលុបបំបាត់ការបន្ទោរបង់ពាសវាលពាសកាល (ODF) នៅទូទាំងរាជធានី-ខេត្តទាំង ២៥។ នេះបើតាមការគូសបញ្ជាក់របស់សម្តេចធិបតី ក្នុងសារលិខិតអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៦ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការលើកកម្ពស់អនាម័យជនបទនៅតែជាការងារអាទិភាពខ្ពស់របស់រាជរដ្ឋាភិបាល ជាក់ស្តែងត្រូវបានដាក់បញ្ចូលយ៉ាងច្បាស់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ សម្រាប់ឆ្នាំ២០២៣-២០២៨។ គោលដៅសំខាន់គឺការពង្រីកវិសាលភាពនៃការផ្តល់សេវាទឹកស្អាត និងអនាម័យជនបទឲ្យបាន ១០០% នៅត្រឹមឆ្នាំ២០៣០។

ប្រមុខរាជរដ្ឋាភិបាលបានមានប្រសាសន៍បន្ថែមថា «អត្រា​នៃ​ការ​ទទួល​បាន​សេវា​អនាម័យ​ជនបទ មានការ​កើនឡើង​គួរ​ជាទី​មោ​ទ​នៈ។ បច្ចុប្បន្ន រាជធានី-ខេត្ត​ទាំង​២៥ សម្រេច​បាន​ជា​ស្ថាពរ​នូវ​ការ​បញ្ចប់​ការ​បន្ទោរ​បង់​ពាសវាល​ពាសកាល (ODF) ដែលក្នុងនោះមានភូមិសរុប ១៤,៥៧៦ ឃុំ ១,៦៥២ ស្រុក ១៦៣ ក្រុង ៣៣ និងខណ្ឌ ១៤។ នេះពិតជាសមិទ្ធផលប្រវត្តិសាស្ត្រដ៏ថ្មីស្រឡាងមួយទៀតរបស់កម្ពុជា»។ សម្តេចក៏បានបន្ថែមថា អត្រាគ្របដណ្តប់អនាម័យជនបទបានកើនឡើងពី ៩០% នៅឆ្នាំ២០២៤ ដល់ ៩៥% នៅឆ្នាំ២០២៥ នេះ ហើយនឹងឈានដល់ ១០០% នៅឆ្នាំ២០៣០ ខាងមុខ។

សមិទ្ធផលដ៏ត្រចះត្រចង់នេះ បានបញ្ជាក់យ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រាជរដ្ឋាភិបាល គ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងការអនុវត្តការងារលើកកម្ពស់អនាម័យជនបទប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។ លទ្ធផលនេះក៏បានឆ្លុះបញ្ចាំងពីការប្រែប្រួលជាវិជ្ជមាននៃកម្រិតនៃការយល់ដឹង និងការអនុវត្តអនាម័យល្អរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសដ៏សំខាន់នេះ សម្តេចនាយករដ្ឋមន្ត្រីក៏បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានចូលរួមយ៉ាងសកម្មអស់ពីកម្លាំងកាយចិត្ត។ សម្តេចក៏បានលើកទឹកចិត្តឲ្យបន្តកិច្ចសហការ និងយកចិត្តទុកដាក់កាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីឲ្យស្ថានភាពអនាម័យជនបទនៅកម្ពុជាកាន់តែប្រសើរឡើង ឈានទៅសម្រេចបាននូវគោលដៅនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនាពេលអនាគត។

administrator

Related Articles