សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរខួប ២២ឆ្នាំ នៃរបាំព្រះរាជទ្រព្យ ជាបេតិកភណ្ឌពិភពលោក

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរខួប ២២ឆ្នាំ នៃរបាំព្រះរាជទ្រព្យ ជាបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារអបអរសាទរខួបលើកទី២២ នៃការចុះបញ្ជី «របាំព្រះរាជទ្រព្យ» ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។

របាំព្រះរាជទ្រព្យ ឬ របាំក្បាច់បុរាណខ្មែរ បានទទួលការទទួលស្គាល់ជាសកលពីអង្គការយូណេស្កូ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ គិតមកដល់ឆ្នាំ២០២៥ នេះ គឺជាខួបគម្រប់ ២២ឆ្នាំហើយ ដែលកម្ពុជាមានមោទកភាពលើសម្បត្តិវប្បធម៌ដ៏វិសេសវិសាលនេះ។

របាំព្រះរាជទ្រព្យ

ថ្លែងក្នុងឱកាសដ៏សំខាន់នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការការពារ និងថែរក្សាបេតិកភណ្ឌវប្បធម៌ គឺជាកាតព្វកិច្ចចម្បងរបស់កូនខ្មែរគ្រប់រូប ដើម្បីធានាបាននូវនិរន្តរភាពតម្លៃដ៏ថ្លៃថ្លានេះទៅកាន់មនុស្សជំនាន់ក្រោយ។

របាំព្រះរាជទ្រព្យ ដែលមានន័យថា «របាំជាទ្រព្យប្រទានរបស់ព្រះរាជា» ត្រូវបានបង្កើតឡើងដោយព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសុមៈ នារីរ័ត្នសេរីវឌ្ឍនា ដែលបានច្នៃចេញពីរបាំក្បាច់បុរាណខ្មែរក្នុងរជ្ជកាលព្រះបាទនរោត្តម។ វាជារបាំប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលល្បីល្បាញដោយសារភាពប្រណិតនៃសំលៀកបំពាក់ លម្អដោយគ្រឿងមាសប្រាក់ និងក្បាច់រាំទន់ភ្លន់ ស្រស់ស្អាត គួរជាទីគយគន់ ហាក់ដូចជារបាំរបស់ទេវតា ដែលនាំឱ្យវាត្រូវបានប្រសិទ្ធនាមថា «ស្តេចរបាំ»។

របាំព្រះរាជទ្រព្យ

របាំនេះបង្ហាញពីភាពប៉ិនប្រសប់របស់នាដករ ក្នុងការប្រើប្រាស់កាយវិការ ក្បាច់ និងមនោសញ្ចេតនា យ៉ាងប៉ិនប្រសប់ ទៅតាមសាច់រឿងដែលរៀបរាប់ដោយទំនុកច្រៀងពីក្រុមចម្រៀង «ជាពួក» អមជាមួយនឹងវង់ភ្លេងពិណពាទ្យដ៏ពីរោះរណ្តំ។

រាជរដ្ឋាភិបាលកម្ពុជា តែងចាត់ទុករបាំព្រះរាជទ្រព្យជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ជាតិ ដែលបានថែរក្សានាដកម្មបុរាណមួយនេះអស់រយៈពេលដ៏យូរលង់ណាស់មកហើយ ដើម្បីបង្ហាញពីអត្តសញ្ញាណជាតិដ៏រុងរឿង។

administrator

Related Articles