វិបត្តិ​គុណភាព​វាយលុក! តម្លៃ​ដូង​វៀតណាម​ធ្លាក់​ចុះ​ខ្លាំង រងការ​បដិសេធ​ពី​ទីផ្សារ​ចិន

វិបត្តិ​គុណភាព​វាយលុក! តម្លៃ​ដូង​វៀតណាម​ធ្លាក់​ចុះ​ខ្លាំង រងការ​បដិសេធ​ពី​ទីផ្សារ​ចិន

តម្លៃ​ដូង​នាំ​ចេញ​ពី​ប្រទេស​វៀតណាម​បាន​ធ្លាក់​ចុះ​រហូត​ដល់​ទៅ ២ ភាគ ៣ ក្នុង​រយៈ​ពេល ៣ ខែ​ចុង​ក្រោយ​នេះ។ មូលហេតុ​ចម្បង​គឺ​ដោយសារ​បញ្ហា​គុណភាព​មិន​ស៊ី​សង្វាក់​គ្នា ដែល​ធ្វើ​ឱ្យ​តម្រូវ​ការ​ពី​ទីផ្សារ​ចិន​ធ្លាក់​ចុះ​យ៉ាង​គំហុក ហើយ​ការ​ដឹក​ជញ្ជូន​មួយ​ចំនួន​ថែម​ទាំង​ត្រូវ​បាន​បដិសេធ​បញ្ជូន​ត្រឡប់​មក​វិញ​ទៀត​ផង។

លោក ហ័ង (Hoang) ជា​កសិករ​ដាំ​ដូង​ម្នាក់ បាន​លើក​ឡើង​ទាំង​ក្តី​បារម្ភ​ថា៖ «ឆ្នាំ​នេះ ពួក​យើង​ដែល​ជា​កសិករ​ដាំ​ដូង​ភាគច្រើន​ពិតជា​រក​ប្រាក់​ចំណេញ​បាន​ច្រើន​ណាស់ ប៉ុន្តែ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ តម្រូវ​ការ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក ដែល​បណ្តាល​ឲ្យ​តម្លៃ​ដូង​ធ្លាក់​ចុះ​តាម​នោះ​ដែរ»។

លោក កៅ បា ដាំង ខ្វា (Cao Ba Dang Khoa) អនុប្រធាន និង​ជា​អគ្គលេខាធិការ​នៃ​សមាគម​ដូង​វៀតណាម បាន​ពន្យល់​ថា ក្នុង​ឆ្នាំ​នេះ អ្នក​នាំ​ចេញ​ជា​ច្រើន​បាន​ប្រញាប់ប្រញាល់​ដឹក​ជញ្ជូន​ដូង​ក្នុង​បរិមាណ​ដ៏​ច្រើន​ទៅ​កាន់​ប្រទេស​ចិន ដោយ​ពុំ​មាន​ការ​ត្រួត​ពិនិត្យ​គុណភាព​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ដូង​ក្នុង​កុងតឺន័រ​នីមួយៗ​មាន​ទំហំ និង​រសជាតិ​ខុស​ប្លែក​គ្នា។ លោក​បាន​បន្ត​ទៀត​ថា៖ «ដូង​ខ្លះ​ត្រូវ​បាន​ខាង​ចិន​បដិសេធ​មិន​ទទួល​ទិញ ដែល​បង្ខំ​ឲ្យ​អាជីវកម្ម​ទាំង​នោះ​ត្រូវ​លក់​ដូង​ក្នុង​តម្លៃ​ថោក​បំផុត​នៅ​ក្នុង​ស្រុក​វិញ»។

លោក​ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា កំឡុង​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​នា​ពេល​ថ្មីៗ​នេះ តំណាង​សមាគម​ផ្លែឈើ​ទីក្រុង​ពីងសៀង (Pingxiang) បាន​ប្រាប់​លោក​ថា ការ​នាំ​ចេញ​ដូង​ពី​វៀតណាម​ជា​ច្រើន​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​វិញ ដោយសារ​តែ​ភាព​ផ្អែម​មិន​ស្មើគ្នា និង​កង្វះ​ព័ត៌មាន​តាមដាន​ច្បាស់លាស់។ ទោះបីជា​អតិថិជន​នៅ​ទីក្រុង​សៀងហៃ ឬ​ប៉េកាំង សុខចិត្ត​ចំណាយ​ថ្លៃ​ដូង​ខ្ពស់​ក៏​ដោយ ប៉ុន្តែ​ប្រសិនបើ​គុណភាព​មិន​ស្ថិតស្ថេរ ក្រុមហ៊ុន​វៀតណាម​នឹង​ជួប​ការ​លំបាក​ក្នុង​ការ​រក្សា​អាជីវកម្ម​របស់​ខ្លួន​នៅ​ទីនោះ​ជា​មិន​ខាន។

សមាគម​ដូង​វៀតណាម​បាន​បញ្ជាក់​ថា ទីផ្សារ​អន្តរជាតិ​កំពុង​មាន​ស្តង់ដារ​តឹងរ៉ឹង​កាន់​តែ​ខ្លាំង​ឡើង​សម្រាប់​ដូង​ស្រស់ ខុស​ពី​ផលិតផល​ដូង​កែច្នៃ។ បច្ចុប្បន្ន​នេះ ដូង​ស្រស់​លក់​រាយ​ក្នុង​តម្លៃ​ប្រមាណ ៩០,០០០ ដុង​នៅ​ទីក្រុង​ប៉េកាំង និង​រហូត​ដល់ ១២០,០០០ ដុង​នៅ​សហរដ្ឋអាមេរិក ដូច្នេះ​ហើយ អ្នក​នាំ​ចូល​ភាគ​ច្រើន​ទិញ​តែ​ផលិតផល​ពី​កសិដ្ឋាន​ដែល​មាន​ការ​បញ្ជាក់​ស្តង់ដារ​អន្តរជាតិ​ប៉ុណ្ណោះ។

ផ្ទុយ​ទៅ​វិញ ប្រទេស​ថៃ​អាច​លក់​ដូង​ស្រស់​ទៅ​កាន់​អឺរ៉ុប​បាន​ក្នុង​តម្លៃ ៤.៣៩ ដុល្លារ​ក្នុង​មួយ​ផ្លែ ដោយសារ​ចម្ការ​ដូង​របស់​ពួកគេ​ត្រូវ​បាន​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​តាម​ស្តង់ដារ​ខ្ពស់។

យោង​តាម​ទិន្នន័យ​គយ​វៀតណាម ការ​នាំ​ចេញ​ដូង​ស្រស់​ក្នុង​ឆ្នាំ ២០២៥ បាន​កើន​ឡើង ១៧% ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ រហូត​ដល់ ១៣៨ លាន​ដុល្លារ។ ចំណែក​ដូង​កែច្នៃ​វិញ បាន​នាំ​មក​នូវ​ទឹក​ប្រាក់​បន្ថែម ២៦០ លាន​ដុល្លារ កើន​ឡើង ៥៥%។ ប៉ុន្តែ​នៅ​ពេល​ដែល​តម្លៃ​ដូង​ធ្លាក់​ចុះ ចំនួន​អាជីវកម្ម​ជួញដូរ​ដូង​ក៏​បាន​ធ្លាក់​ចុះ​ប្រមាណ ៣០% ផង​ដែរ។

administrator

Related Articles