យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសវៀតណាម កាលពីថ្ងៃទី ៦ ខែវិច្ឆិកា បានឱ្យដឹងថា ពលរដ្ឋវៀតណាមប្រមាណ ៧០ នាក់ បានសម្រុកគេចខ្លួនចូលទៅក្នុងប្រទេសថៃ បន្ទាប់ពីអាជ្ញាធរមូលដ្ឋាននៅប្រទេសមីយ៉ាន់ម៉ា បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំទៅលើបណ្ដាញឧក្រិដ្ឋជន និងប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត។
លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា ស្ថានទូតវៀតណាមប្រចាំប្រទេសថៃ និងមីយ៉ាន់ម៉ា បានទទួលការបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២២ ខែតុលា មានពលរដ្ឋវៀតណាមប្រមាណ ៧០ នាក់ បានឆ្លងដែនពីមីយ៉ាន់ម៉ាចូលទៅក្នុងទឹកដីថៃ បន្ទាប់ពីមានការឆ្មក់ចូលប្រឆាំងបទឧក្រិដ្ឋ ដែលផ្តោតលើទីតាំងក្លែងបន្លំទាំងនោះ។

របាយការណ៍ពីកាសែត Tuoi Tre បានលើកឡើងថា ការឆ្មក់ចូលទាំងនេះបានបង្កឱ្យមានការឆ្លងកាត់ព្រំដែនដោយខុសច្បាប់ចូលទៅក្នុងប្រទេសថៃ ជាលទ្ធផលអាជ្ញាធរថៃបានឃុំខ្លួនជនជាតិវៀតណាមជាង ១០០ នាក់ រួមជាមួយជនបរទេសផ្សេងទៀតមកពីបណ្ដាប្រទេសជាច្រើន។
លោកស្រីបានបន្ថែមថា ក្រសួងការបរទេសបានដាក់ការណែនាំដល់ស្ថានទូត និងនាយកដ្ឋានពាក់ព័ន្ធឱ្យសហការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារក្នុងស្រុក និងអន្តរជាតិ ដើម្បីអនុវត្តនីតិវិធីកុងស៊ុល និងសម្របសម្រួលការវិលត្រឡប់របស់ពលរដ្ឋវៀតណាមទៅកាន់មាតុភូមិវិញដោយសុវត្ថិភាព ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ជាចុងក្រោយ លោកស្រី Pham Thu Hang បានព្រមានដល់ពលរដ្ឋវៀតណាមជាថ្មីម្ដងទៀត ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការផ្តល់ជូនការងារតាមប្រព័ន្ធអ៊ីនធឺណិត ដែលសន្យាថានឹងទទួលបានការងារងាយស្រួល និងប្រាក់ខែខ្ពស់ ហើយត្រូវផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានម៉ត់ចត់ ដើម្បីចៀសវាងការធ្លាក់ខ្លួនជាជនរងគ្រោះដោយបណ្ដាញជួញដូរមនុស្ស និងការបោកប្រាស់គ្រប់ប្រភេទ។
