ភ្នំពេញ ៖ នាពេលរសៀលនេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជួបសំណេះសំណាលជាមួយបងប្អូនអ្នកសារព័ត៌មានដែលរាយការណ៍ព័ត៌មានពេលយប់ទាំងក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ដើម្បីផ្តល់ទិសដៅសំខាន់ៗលើក្រមសីលធម៌វិជ្ជាជីវៈ។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងការរួមគ្នាក្នុងការពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មានឱ្យកាន់តែប្រសើរ。

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ជាថ្មីថា អ្នកសារព័ត៌មានមិនត្រូវធ្វើបទសម្ភាសន៍យកមកផ្សព្វផ្សាយជាសាធារណៈចំពោះជនណាដែលមានវិបត្តិចិត្ត ស្រវឹងជោគជាំ ឬបាត់បង់ស្មារតីគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាន ក៏ដូចជាជនណាដែលសង្ស័យថាបានប្រើប្រាស់គ្រឿងញៀនឡើយ។ លោកបានរំលឹកពីផលវិបាកជាច្រើនដែលកើតចេញពីការផ្សព្វផ្សាយព័ត៌មានដោយមិនបានផ្ទៀងផ្ទាត់ប្រភពច្បាស់លាស់។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា អ្នកសារព័ត៌មានមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ មិនមែនជាតុលាការ និងមិនមែនជាអ្នកមានអំណាចបញ្ជាឡើយ។ ផ្ទុយទៅវិញ អ្នកសារព័ត៌មានគឺជាអ្នកនាំពាក្យពីកន្លែងមួយទៅកន្លែងមួយ ប្រកបដោយប្រភពច្បាស់លាស់និងភាពត្រឹមត្រូវ។

ក្នុងឱកាសនោះ លោក នេត្រ ភក្ត្រា ក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងខ្លាំងចំពោះបងប្អូនអ្នកសារព័ត៌មានមួយចំនួនដែលបានខិតខំបំពេញការងារដោយវិជ្ជាជីវៈខ្ពស់ និងបានចូលរួមចំណែកជួយសង្គមជាតិ។

ជាចុងក្រោយ លោករដ្ឋមន្ត្រីបានអំពាវនាវដល់ម្ចាស់ផលិតផលដែលផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ សូមមេត្តាលើកទឹកចិត្តចំពោះអ្នកដែលផលិតខ្លឹមសារល្អ មានប្រយោជន៍ដល់សង្គម រិះគន់ដើម្បីស្ថាបនា ក៏ដូចជាជួយទប់ស្កាត់ការផលិតខ្លឹមសារដែលគ្មានន័យ ខ្វះក្រមសីលធម៌ ខ្វះការពិត និងការផ្សព្វផ្សាយព័ត៌មានមិនពិត។ យើងទាំងអស់គ្នារួមគ្នាដើម្បីបង្កើនជំនឿទុកចិត្តលើអាជីពសារព័ត៌មានដ៏ថ្លៃថ្លានេះ។

រូបថតដោយ ខឹម សុវណ្ណារ៉ា
