កែប៖ «បើមានបញ្ហា ប្រាប់មក!» អភិបាលខេត្តកែប ប្រកាសបើកចំហរទទួលរាល់មតិរិះគន់ និងចាត់ការលើអាជីវករឆ្លៀតឱកាស!

កែប៖ «បើមានបញ្ហា ប្រាប់មក!» អភិបាលខេត្តកែប ប្រកាសបើកចំហរទទួលរាល់មតិរិះគន់ និងចាត់ការលើអាជីវករឆ្លៀតឱកាស!

ខេត្ត​កែប៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រកាសជាសាធារណៈថា រដ្ឋបាលខេត្តត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកមតិរិះគន់គ្រប់បែបយ៉ាងពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់។ ការប្រកាសនេះធ្វើឡើងកាលពីយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីមានបាតុភាពមួយចំនួនតូច ពាក់ព័ន្ធនឹងតម្លៃសេវាកម្មទេសចរណ៍នៅក្នុងភូមិសាស្ត្រខេត្តកែប។ ជាមួយគ្នានេះ លោកអភិបាលខេត្តបានបង្ហោះសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅលើបណ្ដាញសង្គមហ្វេសប៊ុក ចំពោះបងប្អូនប្រជាពលរដ្ឋ និងបណ្ដាអាជីវករទាំងអស់ក្នុងខេត្តកែប ដែលបានចូលរួមទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ។ ពិសេសជាងនេះទៅទៀត លោកក៏បានថ្លែងអំណរគុណដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ដែលបានមកទស្សនា និងកម្សាន្តយ៉ាងច្រើនកុះករនៅខេត្តកែប ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ ក្នុងនោះមានភ្ញៀវចំនួន ១៥៥,៤៥៨ នាក់ ដែលជាការកើនឡើង ៥៦,៥៨% បើប្រៀបធៀបនឹងឆ្នាំ២០២៤។ លោកអភិបាលខេត្តបានទទួលស្គាល់ថា ទោះបីជាអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការបម្រើសេវាកម្ម និងរក្សាបាននូវភាពល្អប្រសើរយ៉ាងណាក៏ដោយ ក៏នៅតែមានចន្លោះប្រហោង និងភាពខ្វះខាតមួយចំនួនផងដែរ។ ជាក់ស្ដែង កន្លងមកមានមតិរិះគន់ និងបាតុភាពមួយចំនួនតូចបានកើតឡើង ពាក់ព័ន្ធនឹងតម្លៃសេវាកម្មទេសចរណ៍ក្នុងខេត្តកែប។ លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា៖ «រដ្ឋបាលខេត្តសូមទទួលយកនូវរាល់មតិរិះគន់ក្នុងន័យស្ថាបនាពីបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់។ ទាំងនេះនឹងក្លាយជាមូលដ្ឋានដ៏សំខាន់ក្នុងការកែលម្អ និងដោះស្រាយនូវរាល់ចំណុចខ្វះខាតមួយចំនួនតូចដែលជាកង្វល់របស់បងប្អូន។ រដ្ឋបាលខេត្តប្ដេជ្ញាចិត្តយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធ្វើឲ្យខេត្តកែបកាន់តែមានភាពទាក់ទាញ និងបន្តអភិវឌ្ឍន៍តំបន់សក្ដានុពលទេសចរណ៍នានា ដើម្បីត្រៀមខ្លួនស្វាគមន៍ដំណើរកម្សាន្តរបស់បងប្អូនទាំងអស់គ្នាជាបន្តបន្ទាប់»។ ដើម្បីធានានូវគុណភាពសេវាកម្ម និងភាពយុត្តិធម៌ រដ្ឋបាលខេត្តបានជម្រាបជូនថា ក្នុងករណីដែលបងប្អូនជួបប្រទះភាពមិនប្រក្រតីណាមួយលើការផ្ដល់សេវាកម្ម ជាពិសេសពាក់ព័ន្ធនឹងតម្លៃសេវាកម្មទេសចរណ៍ សូមមេត្តាទាក់ទងមកកាន់លេខទូរសព្ទដូចខាងក្រោម៖ 096 298 9867, 017 704 444, 017 861 444, 077 445 342, 012 821 411, 088 432 0034, 099 549 789។ លោកអភិបាលខេត្ត សោម ពិសិដ្ឋ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា៖ «រដ្ឋបាលខេត្តនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ទៅលើអាជីវករមួយចំនួនតូចដែលឆ្លៀតឱកាសដំឡើងថ្លៃលើសកំណត់ ហើយនឹងជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបជាព័ត៌មាន បន្ទាប់ពីបញ្ចប់នីតិវិធី»។

administrator

Related Articles