ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បានបេីករថយន្តម៉ាក Highlander មួយគ្រឿងទាំងមេឃកំពុងរលឹមតិចៗ ក៏ជ្រុលចង្កូតទៅបុកនឹងក្បាលនាគថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតអស់មួយកង់ធ្លាក់ពីលើផ្លូវ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨យប់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចស្តុបក្រសួងមហាផ្ទៃ ផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសវ័យចំណាស់ម្នាក់ បានបេីករថយន្តម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្តាល2D 0026 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្ដម ក្នុងទិសដៅពីជេីងទៅត្បូង។ ខណៈពេលនោះ មេឃកំពុងតែរលឹមតិចៗ លុះមកដល់ចំណុចកើតហេតុ សង្ស័យថាអ្នកបើកបរមើលផ្លូវមិនបានច្បាស់ល្អ ទើបធ្វើឲ្យរថយន្តរេចង្កូតជ្រុលទៅបុកនឹងក្បាលនាគថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងថ្មខ្ទាតរលំអស់ចំនួនមួយកង់។

មិនត្រឹមតែប៉ុណ្ណោះ រថយន្តបង្កក៏បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរនៅផ្នែកខាងមុខចំហៀងខាងស្ដាំ ទៅមុខលែងរួច។ តែសំណាងល្អ ហេតុការណ៍នេះមិនបានបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។

ក្រោយពេលកើតហេតុ រថយន្តបង្កត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកដល់កន្លែងកើតហេតុ និងបានស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ជាបន្ត។

ដោយ៖ សុខាសែនជ័យ
