កងទ័ពសហរដ្ឋអាមេរិកបានប្រកាសពីមហិច្ឆតាដ៏ធំមួយ គឺការទិញយន្តហោះគ្មានមនុស្សបើក (ដ្រូន) យ៉ាងតិច ១ លានគ្រឿងក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំខាងមុខ។ លើសពីនេះ ផែនការក៏មានបំណងផលិតដ្រូនពី ៥០ ម៉ឺនទៅដល់រាប់លានគ្រឿងក្នុងមួយឆ្នាំសម្រាប់ឆ្នាំបន្តបន្ទាប់ទៀតផង។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដកស្រង់សម្ដីរបស់លោក Daniel Driscoll មេបញ្ជាការកងទ័ពអាមេរិក។
ក្នុងបទសម្ភាសន៍ជាមួយ Reuters លោក Daniel Driscoll បានបកស្រាយលម្អិតពីការបង្កើនគម្រោងទិញដ្រូនរបស់កងទ័ពអាមេរិក។ លោកបានទទួលស្គាល់ពីបញ្ហាប្រឈម ដោយលើកឡើងថា បច្ចុប្បន្ននេះ បញ្ជាការដ្ឋានកងទ័ពដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកទទួលបានយន្តហោះគ្មានមនុស្សបើកប្រមាណ ៥ ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។

លោក Driscoll បានបញ្ជាក់ថា៖ «នេះជាការកើនឡើងដ៏ធំមហិមា ប៉ុន្តែវាជាការកើនឡើងមួយដែលយើងមានសមត្ថភាពក្នុងការធ្វើបាន»។
ឧត្តមសេនីយ៍ John Reim ដែលជាមេបញ្ជាការកំពូលរបស់លោក Driscoll និងនៅ Picatinny បានប្រាប់ Reuters ថា សហរដ្ឋអាមេរិកកំពុងរៀនសូត្រពីសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ដែលជាសង្គ្រាមដែលមានការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកយ៉ាងច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មានពីមុនមក។
ដ្រូនខ្នាតតូច និងមានតម្លៃថោក បានបង្ហាញខ្លួនជាអាវុធដ៏មានប្រសិទ្ធភាពបំផុតមួយក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ខណៈដែលយន្តហោះចម្បាំងធម្មតាត្រូវបានគេប្រើប្រាស់កម្រណាស់ ដោយសារតែមានការប្រមូលផ្តុំប្រព័ន្ធប្រឆាំងយន្តហោះយ៉ាងក្រាស់នៅជិតជួរមុខ។
លោក Driscoll ក៏បានបញ្ជាក់ផងដែរថា អ៊ុយក្រែន និងរុស្ស៊ី រៀងៗខ្លួនផលិតដ្រូនបាន ៤ លានគ្រឿងក្នុងមួយឆ្នាំ ប៉ុន្តែប្រទេសចិនអាចនឹងផលិតបានច្រើនជាងចំនួននេះដល់ទៅទ្វេដង។
លោក Driscoll បានបន្ថែមថា អាទិភាពរបស់លោកគឺធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាមជ្ឈមណ្ឌលផលិតដ្រូនឱ្យបានគ្រប់គ្រាន់សម្រាប់សង្គ្រាមនាពេលអនាគត ដោយជំរុញការផលិតក្នុងស្រុកនូវគ្រឿងបន្លាស់គ្រប់ប្រភេទ ចាប់ពីម៉ូទ័រ ឧបករណ៍ចាប់សញ្ញា រហូតដល់អាគុយ និងបន្ទះឈីប។ លោកក៏បានទទួលស្គាល់ផងដែរថា គ្រឿងបង្គុំផលិតកម្មភាគច្រើនបច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយប្រទេសចិន៕
