កំពតបំបែកកំណត់ត្រា! ភ្ញៀវទេសចរជិត ២០ម៉ឺននាក់ សម្រុកកម្សាន្តបុណ្យអុំទូក ៣ថ្ងៃយ៉ាងគំហុក!

កំពតបំបែកកំណត់ត្រា! ភ្ញៀវទេសចរជិត ២០ម៉ឺននាក់ សម្រុកកម្សាន្តបុណ្យអុំទូក ៣ថ្ងៃយ៉ាងគំហុក!

យោងតាមការបញ្ជាក់ពីមន្ត្រីជំនាញ តាមរយៈក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ក្នុងអំឡុងពេលឈប់សម្រាករយៈពេល ៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខេត្តកំពតបានទទួលនូវលំហូរភ្ញៀវទេសចរយ៉ាងគំហុកជិត ២០ម៉ឺននាក់។ នេះត្រូវបានគេចាត់ទុកថាជាជោគជ័យដ៏ធំធេងមួយសម្រាប់ខេត្តកំពត ដែលបានបង្ហាញពីភាពជឿជាក់របស់សាធារណជនលើរាជរដ្ឋាភិបាល បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ។ ក្រុមអ្នកផ្តល់សេវាទេសចរណ៍ក៏បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអភិបាលខេត្ត ដែលបានប្រែក្លាយខេត្តកំពតឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ។
ទេសភាពខេត្តកំពត

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ឱ្យដឹងថា ថ្ងៃឈប់សម្រាកបុណ្យអុំទូក ៣ថ្ងៃកន្លងទៅនេះ បាននាំមកនូវភាពសប្បាយរីករាយយ៉ាងក្រៃលែងសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ជាពិសេស ខេត្តកំពតបានទាក់ទាញភ្ញៀវទេសចរសរុបចំនួន ១៩៥.៦៩១នាក់ ដែលជាតួលេខកើនឡើងគួរឱ្យកត់សម្គាល់ ៥០.៩៧% បើធៀបនឹងឆ្នាំ២០២៤។ ក្នុងចំណោមនោះ មានភ្ញៀវអន្តរជាតិចំនួន ១.៤៨៧នាក់ផងដែរ។ លោកបានសង្កត់ធ្ងន់ថា ការកើនឡើងនូវចំនួនភ្ញៀវដ៏ច្រើនបែបនេះ ពិតជាបានឆ្លុះបញ្ចាំងពីភាពជឿជាក់ និងក្ដីរីករាយរបស់ប្រជាពលរដ្ឋ ក្រោយពេលរាជរដ្ឋាភិបាលបានដោះស្រាយបញ្ហាព្រំដែនប្រកបដោយប្រសិទ្ធភាព ក្រោមឆ័ត្រកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ។
ភ្ញៀវទេសចរនៅកំពត

លោកប្រធានមន្ទីរបន្តថា ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យនេះ សេវាស្នាក់នៅទាំងអស់ត្រូវបានកក់ពេញ ហើយការផ្តល់សេវាកម្មនានាក៏ពុំមានការតម្លើងថ្លៃហួសហេតុនោះដែរ។ ចំពោះស្ថានភាពទូទៅនៅតាមរមណីយដ្ឋាន សហគមន៍ និងគោលដៅទេសចរណ៍នានាក្នុងខេត្ត គឺមានភាពរលូនល្អ និងពុំមានបាតុភាពអ្វីគួរឱ្យកត់សម្គាល់នោះទេ។ បញ្ហាកកស្ទះចរាចរណ៍ក៏ត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស ដោយសារមានការសម្រួលចរាចរណ៍យ៉ាងសកម្មនៅតាមគោលដៅសំខាន់ៗក្នុងក្រុង ពីសំណាក់កងកម្លាំងនគរបាលខេត្តកំពត ដែលដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពត អស់រយៈពេល ៣ថ្ងៃពេញ។
ចរាចរណ៍នៅកំពត

ចំណែកឯក្រុមអ្នកផ្តល់សេវាទេសចរណ៍វិញ បានលើកឡើងថា កន្លែងរបស់ពួកគាត់ត្រូវបានកក់ពេញទាំងអស់ក្នុងរយៈពេល ៣ថ្ងៃនេះ ហើយសូមអធ្យាស្រ័យចំពោះភ្ញៀវទេសចរមួយចំនួន ដែលមិនអាចទទួលបានសេវាកម្ម ឬមានការខ្វះចន្លោះណាមួយ ដោយសារតែចំនួនភ្ញៀវសម្រុកមកច្រើនហួសពីការស្មាន។ ទន្ទឹមនឹងនេះ ពួកគាត់ក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលបានយកចិត្តទុកដាក់រៀបចំខេត្តបានយ៉ាងល្អប្រសើរគ្រប់ជ្រុងជ្រោយ ទាំងសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ សោភ័ណភាព និងជាពិសេសការបង្កើតសមិទ្ធផលថ្មីប្លែកៗជាច្រើនសម្រាប់ទាក់ទាញភ្ញៀវទេសចរ។
អ្នកលក់ដូរនៅកំពត

ទោះបីជាយ៉ាងណាក៏ដោយ ទាំងភ្ញៀវទេសចរ និងអ្នកផ្តល់សេវាកម្មផ្នែកទេសចរណ៍ សុទ្ធតែមានក្តីរំពឹងខ្ពស់ថា ខេត្តកំពតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម ម៉ៅ ធនិន នឹងបន្តមានសមិទ្ធផលទេសចរណ៍ថ្មីៗ និងប្លែកៗ លេចចេញជារូបរាងជាបន្តបន្ទាប់ទៀត។ ជាក់ស្តែង ក្នុងពេលដ៏ខ្លីខាងមុខនេះ ស្ពានវាងក្រុងដ៏ទំនើបមួយ ដែលបំពាក់ដោយកង្ហារដ៏ធំ និងមានវ៉េរ៉ងដាសម្រាប់គយគន់ទេសភាពសមុទ្រ និងជើងភ្នំបូកគោ នឹងចាប់ផ្តើមបុកគ្រឹះសាងសង់ហើយ ដោយគ្រោងនឹងបញ្ចប់ក្នុងរយៈពេលត្រឹមតែ ១២ខែប៉ុណ្ណោះ។
គម្រោងស្ពានថ្មី
ទេសភាពជុំវិញស្ពាន
ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles