វិបត្តិថវិកាអាមេរិក៖ ជើងហោះហើររាប់ពាន់ជើងត្រូវលុបចោល បុគ្គលិករដ្ឋខ្វះប្រាក់ខែជិត ៤០ថ្ងៃ!

វិបត្តិថវិកាអាមេរិក៖ ជើងហោះហើររាប់ពាន់ជើងត្រូវលុបចោល បុគ្គលិករដ្ឋខ្វះប្រាក់ខែជិត ៤០ថ្ងៃ!

សហរដ្ឋអាមេរិក៖ ជើងហោះហើរជាង ១,២០០ជើងនៅទូទាំងសហរដ្ឋអាមេរិក ត្រូវបានប្រកាសលុបចោលកាលពីថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈមូលហេតុចម្បងគឺដោយសារតែរដ្ឋាភិបាលគ្មានថវិកាបើកប្រាក់ខែជូនបុគ្គលិកសហព័ន្ធ។ ព័ត៌មាននេះត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia កាលពីថ្ងៃទី៨ ខែវិច្ឆិកា។

វិបត្តិជាប់គាំងថវិកាជាតិកំពុងរាតត្បាតនៅសហរដ្ឋអាមេរិក ដោយសារតែសភាខុនហ្រ្គេសមិនទាន់អាចបោះឆ្នោតអនុម័តកញ្ចប់ថវិកាបាននៅឡើយ ដែលធ្វើឱ្យរដ្ឋាភិបាលអាមេរិកស្ថិតក្នុងស្ថានភាព “បិទទ្វារ” (Government Shutdown) អស់រយៈពេលជិត ៤០ថ្ងៃមកហើយ។ ភាពមិនចុះសម្រុងគ្នារវាងសមាជិកសភានៃគណបក្សប្រជាធិបតេយ្យ និងគណបក្សកាន់អំណាច ពាក់ព័ន្ធនឹងច្បាប់ថវិកាជាតិ កំពុងតែបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរ។

ផលប៉ះពាល់នៃវិបត្តិនេះ បានធ្វើឱ្យមន្ត្រី និងបុគ្គលិករដ្ឋសហព័ន្ធជាង ១,៤លាននាក់ ត្រូវបន្តបំពេញការងារដោយគ្មានប្រាក់ខែ ឬត្រូវបានព្យួរពីការងារអស់រយៈពេលជាងមួយខែ។ នេះជាលើកទី១ក្នុងប្រវត្តិសាស្ត្រ ដែលសហរដ្ឋអាមេរិកត្រូវជួបប្រទះវិបត្តិថវិកាក្នុងរយៈពេលដ៏វែងបែបនេះ។

រូបភាព

លោក Sean Duffy រដ្ឋលេខាធិការក្រសួងដឹកជញ្ជូនអាមេរិក បានព្រមានថា ស្ថានការណ៍អាចនឹងកាន់តែអាក្រក់នៅសប្តាហ៍ក្រោយ ដោយជើងហោះហើរនឹងត្រូវកាត់បន្ថយបន្ថែមទៀតចន្លោះពី ៤% ទៅ ១០%។ ការប៉ាន់ស្មាននេះមានន័យថា នឹងមានការលុបចោលជើងហោះហើរពី ៣,៥០០ ទៅ ៤,០០០ជើងក្នុងមួយថ្ងៃៗ ដែលនឹងបង្កការលំបាកកាន់តែខ្លាំងដល់ការធ្វើដំណើរ និងសេដ្ឋកិច្ចជាតិ។ វិបត្តិនេះទាមទារដំណោះស្រាយជាបន្ទាន់ ដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរជាងនេះ។

administrator

Related Articles