ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង៣យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចស្តុបចំការមន លើបណ្ដោយផ្លូវព្រះនរោត្តម កែងផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ក្នុងករណីនេះ រថយន្តដឹកជ្រក់ស្ពៃមួយគ្រឿងបានបើកបំពានភ្លើងស្តុប ក៏ត្រូវរថយន្តម៉ាក GAC បុកពេញទំហឹងបណ្ដាលឲ្យក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ និងចាក់ជ្រក់ស្ពៃពាសពេញផ្លូវ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តប្រភេទកូរ៉េដឹកជ្រក់ស្ពៃ ម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL 4984 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងទិសដៅពីត្បូងទៅជើង។ រថយន្តនេះមានមនុស្សប្រុស២នាក់ និងស្រីម្នាក់ រួមទាំងអ្នកបើកបរ។ លុះមកដល់ចំណុចស្តុបចំការមន ដែលជាផ្លូវបំបែកជាបួន រថយន្តបង្កបានបំពានភ្លើងស្តុប។

នៅពេលនោះ ស្របពេលគ្នា បុរសម្នាក់បានបើករថយន្តម៉ាក GAC ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CL 0103 ធ្វើដំណើរតាមបណ្ដោយផ្លូវសុធារស ក្នុងទិសដៅពីកើតទៅលិច។ ដោយសាររថយន្តដឹកជ្រក់ស្ពៃបំពានភ្លើងស្តុប រថយន្ត GAC ក៏បានជ្រុលទៅបុកពេញទំហឹង បណ្ដាលឲ្យរថយន្ត Hyundai ក្រឡាប់ផ្ងារជើងមួយចំហៀងខាងឆ្វេង បត់ក្បាលត្រឡប់ក្រោយវិញ រងការខូចខាតយ៉ាងដំណំ និងចាក់ជ្រក់ស្ពៃខ្ចាយពេញផ្លូវ។ ក្នុងហេតុការណ៍នេះ ក៏បណ្ដាលឲ្យមនុស្សមួយចំនួនរងរបួសតិចតួចផងដែរ។

ចំពោះរថយន្ត GAC វិញ ក៏រងការខូចខាតខ្ទេចផ្នែកខាងមុខយ៉ាងដំណំផងដែរ ប៉ុន្តែមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។ ក្រោយកើតហេតុ ភាគីទាំងសងខាងពុំមានដំណោះស្រាយគ្នាភ្លាមៗនោះទេ មធ្យោបាយទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍វាស់វែង និងស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដំណោះស្រាយបន្តនៅពេលក្រោយ។
