Pep Guardiola ត្រៀមដឹកនាំប្រកួតទី ១០០០ ក្នុងអាជីព! Man City ប៉ះ Liverpool នៅថ្ងៃអាទិត្យនេះ ⚽️

Pep Guardiola ត្រៀមដឹកនាំប្រកួតទី ១០០០ ក្នុងអាជីព! Man City ប៉ះ Liverpool នៅថ្ងៃអាទិត្យនេះ ⚽️

លោក Pep Guardiola អ្នកចាត់ការទូទៅដ៏ល្បីល្បាញរបស់ក្លិប Manchester City ត្រៀមនឹងដឹកនាំការប្រកួតលើកទី ១,០០០ ក្នុងអាជីពជាគ្រូបង្វឹករបស់ខ្លួន នៅពេលដែលក្រុមមេឃខៀវនឹងបើកទ្វារកីឡដ្ឋាន Etihad ទទួលស្វាគមន៍ក្រុមហង្សក្រហម Liverpool នៅក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យខាងមុខនេះ។

គ្រូបង្វឹករូបនេះបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះចំនួនប្រកួតដ៏ច្រើនសន្ធឹកសន្ធាប់ដែលគាត់បានដឹកនាំក្នុងអាជីពជាអ្នកចាត់ការទូទៅ។ គិតមកដល់ពេលនេះ ក្នុងចំណោម ៩៩៩ ប្រកួតដែលគាត់បានដឹកនាំក្រុមយក្សទាំងបីគឺ Barcelona, ​​Bayern Munich និង Manchester City លោក Guardiola ទទួលបានជ័យជម្នះរហូតដល់ ៧១៥ ដង ដែលស្មើនឹងអត្រាឈ្នះ ៧១.៥៧% និងបានឈ្នះពានរង្វាន់សរុប ៣៩ ឯណោះ។

អ្នកចាត់ការសញ្ជាតិអេស្ប៉ាញវ័យ ៥៤ ឆ្នាំរូបនេះ បានយល់ស្របជាមួយលោក Sir Alex Ferguson ដែរថា ភាពជោគជ័យដ៏ត្រចះត្រចង់របស់គាត់ គឺពិតជាពឹងផ្អែកទៅលើការមានកីឡាករឆ្នើមៗក្រោមការដឹកនាំ។

លោក Guardiola បានថ្លែងថា៖ “ការលះបង់ ចំណង់ចំណូលចិត្ត និងក្តីស្រឡាញ់ គឺគ្មាននរណាម្នាក់អាចយកឈ្នះខ្ញុំបានឡើយ។ ពួកយើងបានឈ្នះអ្វីដែលមិនគួរឱ្យជឿទាំងនៅក្លិប Barcelona, ​​Bayern Munich និងនៅទីនេះ (Man City)។ វាពិបាកក្នុងការឈានទៅដល់ ហើយប្រសិនបើខ្ញុំចាប់ផ្តើមម្តងទៀត ខ្ញុំក៏ប្រហែលជាមិនអាចឈានដល់ចំណុចនេះដែរ ព្រោះវាជាចំនួនប្រកួតដ៏ច្រើនលើសលប់។ ការចាញ់តែប៉ុន្មានប្រកួតប៉ុណ្ណោះក្នុងចំណោម ១,០០០ ប្រកួត ហើយខ្ញុំសង្ឃឹមថានៅថ្ងៃអាទិត្យនេះ យើងនឹងអាចបន្តឈ្នះទៀត”។

សរុបមកក្នុងអាជីពជាគ្រូបង្វឹកអស់រយៈពេល ១៧ ឆ្នាំមកនេះ លោក Guardiola បានដឹកនាំក្រុម Barcelona ឈ្នះ ១៤ ពាន, Bayern Munich ចំនួន ៧ ពាន និង Manchester City ចំនួន ១៨ ពាន។

administrator

Related Articles