ចិន​ដាក់​សម្ពោធ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង Fujian ថ្មី​ស្រឡាង ត្រៀម​ពង្រឹង​ឥទ្ធិពល​យោធា​ក្នុង​តំបន់

ចិន​ដាក់​សម្ពោធ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង Fujian ថ្មី​ស្រឡាង ត្រៀម​ពង្រឹង​ឥទ្ធិពល​យោធា​ក្នុង​តំបន់

កាលពីថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានរាយការណ៍ថា ប្រទេសចិនបានដាក់​ឲ្យ​ដំណើរការជាផ្លូវការនូវនាវាផ្ទុកយន្តហោះទីបីរបស់ខ្លួនឈ្មោះ Fujian ចូលទៅក្នុងសេវាកម្មកងទ័ពជើងទឹកយ៉ាងសកម្ម។ នេះគឺជាជំហានដ៏សំខាន់ និង​គួរ​ឲ្យ​កត់​សម្គាល់​មួយ ក្នុង​ការជំរុញ​មហិច្ឆតារបស់លោកប្រធានាធិបតី ស៊ី ជីនពីង ដើម្បីធ្វើទំនើបកម្មយោធារបស់ប្រទេស ក៏ដូចជាពង្រឹងកម្លាំងការពារជាតិផងដែរ។

ពិធីសម្ពោធដ៏ឱឡារិកនេះ ដែល​មាន​ការ​អញ្ជើញ​ចូល​រួម​ដោយ​ផ្ទាល់​ពី​លោកប្រធានាធិបតី ស៊ី ជីនពីង ផងដែរនោះ បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ពុធ នៅ​កំពង់​ផែ​ទ័ព​ជើង​ទឹក ​ក្នុង​​ខេត្ត Hainan​។ បុគ្គលិកជើងទឹកជាង២០០០​នាក់ រួម​ទាំង​កងនាវាចរ និង​អង្គភាពសាងសង់នាវា​ បានចូលរួមក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ដែលសារព័ត៍មាន​ក្នុង​ស្រុក​ស៊ីនហួ បានពិពណ៌នាថា ជា​ព្រឹត្តិការណ៍​មួយ «អស្ចារ្យ និងគួរ​ឲ្យ​រំភើប» បំផុត។

ទូរទស្សន៍ CCTV ក៏បាន​ផ្សាយ​ទៀត​ថា លោកប្រធានាធិបតី ស៊ី ជីនពីង បានឡើង​ទៅ​លើ​នាវា​ Fujian បន្ទាប់ពីពិធីត្រួតពិនិត្យប្រព័ន្ធរួចរាល់ ហើយថែមទាំងបានចុះហត្ថលេខាលើសៀវភៅកំណត់ហេតុរបស់​នាវា​ដោយផ្ទាល់ដៃទៀតផង។ នាវា Fujian នេះត្រូវបានបំពាក់នូវប្រព័ន្ធបាញ់បង្ហោះយន្តហោះអេឡិចត្រូម៉ាញេទិក (EMALS) ដែលជា​បច្ចេកវិទ្យាដ៏ទំនើប និង​មាន​ប្រើ​តែ​មួយ​គត់​ដោយ​នាវា USS Gerald R. Ford របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកប៉ុណ្ណោះ។ ប្រព័ន្ធនេះអនុញ្ញាត​ឲ្យ​យន្តហោះអាចហោះឡើងជាមួយនឹងបន្ទុកធ្ងន់ និងប្រេងឥន្ធនៈកាន់តែច្រើន ប្រកបដោយប្រសិទ្ធភាពខ្ពស់។

បន្ទាប់ពីការសាកល្បងលើសមុទ្រអស់ជាច្រើនខែ នាវា Fujian បានចូលរួមជាមួយនាវាផ្ទុកយន្តហោះ​២​គ្រឿង​ផ្សេងទៀតរបស់ចិនគឺ Liaoning (ដែល​​បម្រើការ​ក្នុងឆ្នាំ​២០១២) និង Shandong (ឆ្នាំ២០១៩)។ ក្រុមអ្នកវិភាគបានលើកឡើងថា នាវាថ្មីនេះតំណាង​ឲ្យ​ការលោតផ្លោះដ៏ធំធេងនៃសមត្ថភាពយោធា ខណៈដែលទីក្រុងប៉េកាំងកំពុងស្វែងរកការពង្រីកវត្តមានកងទ័ពជើងទឹករបស់ខ្លួននៅក្នុង​តំបន់​សមុទ្រចិនខាងត្បូង និងជុំវិញ​កោះតៃវ៉ាន់ ដែលជាចំណុចរសើបក្នុងភូមិសាស្ត្រនយោបាយ។

កាលពីខែកញ្ញា កន្លងទៅនេះ នាវា Fujian ក៏ធ្លាប់បានធ្វើដំណើរឆ្លងកាត់​ច្រកសមុទ្រតៃវ៉ាន់​ជាលើកដំបូងផងដែរ ដោយធ្វើ«បេសកកម្មស្រាវជ្រាវ និងបណ្តុះបណ្តាលវិទ្យាសាស្ត្រ» ដែលបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីក្រសួងការពារជាតិរបស់ជប៉ុន និង តៃវ៉ាន់។

ទោះបីជាប្រទេសចិននៅតែតាមពីក្រោយ​សហរដ្ឋអាមេរិក ដែល​កំពុង​ប្រតិបត្តិការនាវាផ្ទុកយន្តហោះចំនួន១១​គ្រឿង​នោះក៏ដោយ ក៏ការបង្កើតកងទ័ពជើងទឹកយ៉ាងឆាប់រហ័សរបស់ខ្លួន បានធ្វើ​ឲ្យ​មានការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងតំបន់អាស៊ីបូព៌ា​ទាំងមូល។ យ៉ាងណាមិញ ទីក្រុងប៉េកាំងនៅតែទទូចថា ចេតនារបស់ខ្លួនមានសន្តិភាព និងមិនមានបំណងបង្កជម្លោះឡើយ។

administrator

Related Articles