ត្រាំ​ប្រកាស​កាត់ផ្ដាច់​ G20 នៅ​អាហ្វ្រិកខាងត្បូង​ ដោយ​ចោទ​ថា​បៀតបៀន​កសិករ​ស្បែកស!

ត្រាំ​ប្រកាស​កាត់ផ្ដាច់​ G20 នៅ​អាហ្វ្រិកខាងត្បូង​ ដោយ​ចោទ​ថា​បៀតបៀន​កសិករ​ស្បែកស!

ដោយ​ចោទប្រកាន់​អាហ្វ្រិកខាងត្បូង​ថា​បាន​បៀតបៀន​កសិករ​ស្បែកស​ «Afrikaner» លោក​អតីត​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ បាន​ប្រកាស​កាលពី​ថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ថា​ទាំង​រូបលោក និង​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ផ្សេងទៀត នឹង​មិន​ចូលរួម​កិច្ចប្រជុំ​កំពូល G20 នៅ​ឆ្នាំ​នេះ​ឡើយ។ ការ​សម្រេច​ចិត្ត​ដ៏​ភ្ញាក់ផ្អើល​នេះ បាន​ធ្វើឡើង​ចំ​ពេល​ដែល​លោក​ត្រាំ​នៅតែ​បន្ត​រិះគន់​អាហ្វ្រិកខាងត្បូង​យ៉ាងខ្លាំង​ក្លា​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស និង​ការរឹបអូស​ដីធ្លី។

សារព័ត៌មាន The Guardian ចេញផ្សាយ​កាលពី​ថ្ងៃទី៧ ខែវិច្ឆិកា បាន​ឲ្យ​ដឹងថា លោក​ត្រាំ​ធ្លាប់​បាន​ប្រកាស​រួចហើយ​ពី​មុន​ថា លោក​នឹង​មិន​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ G20 ដែល​គ្រោង​ធ្វើឡើង​ពី​ថ្ងៃទី២២ ដល់​ថ្ងៃទី២៣ ខែនេះ នៅ​ទីក្រុង Johannesburg ប្រទេស​អាហ្វ្រិកខាងត្បូង​ឡើយ។ ដើមឡើយ អនុប្រធានាធិបតី JD Vance ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​តំណាង​ឲ្យ​សហរដ្ឋអាមេរិក ប៉ុន្តែ​ក្រោយមក​ដំណើរ​ទស្សនកិច្ច​របស់លោក Vance ក៏​ត្រូវ​បាន​លុបចោល​ទាំងស្រុង។
លោកត្រាំបង្ហាញច្បាប់ចម្លងនៃអត្ថបទអំពីជនជាតិស្បែកសអាហ្វ្រិកខាងត្បូង

តាមរយៈ​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម លោក​ត្រាំ​បាន​រិះគន់​ចំៗ​ថា «វា​ជា​រឿង​អាម៉ាស់​បំផុត​ដែល​កិច្ចប្រជុំ G20 ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​អាហ្វ្រិកខាងត្បូង»។ លោក​បាន​លើកឡើង​ពី​អ្វី​ដែល​លោក​ហៅថា «ការរំលោភបំពាន» លើ​ជនជាតិ​ស្បែកស Afrikaner រួមមាន​អំពើហិង្សា និង​ការរឹបអូស​ដីធ្លី​ជាដើម។

រដ្ឋបាល​លោក​ត្រាំ បាន​ចោទប្រកាន់​អាហ្វ្រិកខាងត្បូង​ម្តង​ហើយ​ម្តងទៀត​ថា​បាន​អនុញ្ញាត​ឲ្យ​មាន​ការវាយប្រហារ និង​ការរើសអើង​ប្រឆាំង​នឹង​កសិករ​ស្បែកស ទោះបីជា​មន្ត្រី​អាហ្វ្រិកខាងត្បូង​បាន​បដិសេធ​ការអះអាង​ទាំងនោះ​ក៏ដោយ។

យ៉ាងណាមិញ ប្រធានាធិបតី​អាហ្វ្រិកខាងត្បូង​លោក Cyril Ramaphosa ធ្លាប់​បាន​ថ្លែង​ថា លោក​បាន​ប្រាប់​លោក​ត្រាំ​ថា ការចោទប្រកាន់​ទាំងនេះ​គឺ «មិនពិត​ទាល់តែសោះ»។ លោក​បាន​កត់សម្គាល់​ថា ពលរដ្ឋ​ស្បែកស​នៅតែ​បន្ត​ទទួល​បាន​កម្រិត​ជីវភាព​ខ្ពស់​ជាង​ប្រជាជន​អាហ្វ្រិកខាងត្បូង​ភាគច្រើន ជាង​បី​ទសវត្សរ៍​មកហើយ បន្ទាប់ពី​ការបញ្ចប់​របប​រើសអើង​ពូជសាសន៍​ដ៏​ជូរចត់។

ទោះបីជា​មានការ​បដិសេធ​យ៉ាង​ដាច់អហង្ការ​ពី​ភាគី​អាហ្វ្រិកខាងត្បូង​ក៏ដោយ លោក​ត្រាំ​នៅតែ​បន្ត​ការរិះគន់​របស់លោក។ កាលពី​ដើម​សប្តាហ៍​នេះ លោក​ថែមទាំង​បាន​ស្នើ​ក្នុង​អំឡុង​សុន្ទរកថា​សេដ្ឋកិច្ច​នៅ​ទីក្រុង Miami ថា អាហ្វ្រិកខាងត្បូង​គួរតែ​ត្រូវ​បាន​បណ្តេញចេញ​ពី​កិច្ចប្រជុំ G20 តែម្តង៕

administrator

Related Articles