បន្ទាប់ពីព្រះរាជពិធីបុណ្យអុំទូកបានបញ្ចប់ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តអំពាវនាវយ៉ាងទទូចដល់បងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទៅដែលកំពុងស្វែងរកការងារធ្វើ ឱ្យរួសរាន់ទំនាក់ទំនងមកលេខទូរស័ព្ទ ១២៩៧ ដើម្បីទទួលបានឱកាសការងារជាច្រើន។ អ្វីដែលកាន់តែពិសេសនោះ ទោះបីពុំមានជំនាញក៏អាចទទួលបានការងារធ្វើដែរ!

ឯកឧត្តម ស៊ុន មេសា បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ននៅទូទាំងប្រទេសកម្ពុជា នៅសល់កន្លែងការងារទំនេររហូតដល់ជាង ៧៥,៣០០ កន្លែងឯណោះ ដែលកំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលគ្មានជំនាញច្បាស់លាស់ ក៏អាចស្វែងរកការងារធ្វើតាមរយៈលេខ ១២៩៧ នេះបានយ៉ាងងាយស្រួលផងដែរ។

គួររំលឹកផងដែរថា ក្នុងរយៈពេលតែ ៣ ខែចុងក្រោយនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន សហជីព និងភាគីពាក់ព័ន្ធនានា ដើម្បីជួយសម្របសម្រួលស្វែងរកការងារជូនបងប្អូនពលករខ្មែរ ដែលត្រឡប់មកពីថៃវិញបានជាង ៣៤០,០០០ នាក់។ ក្នុងចំណោមនោះ ប្រមាណ ២៧០,០០០ នាក់ បានចូលបម្រើការងារនៅតាមក្រុមហ៊ុន សហគ្រាស និងរោងចក្រផ្លូវការ ខណៈប្រមាណ ៧០,០០០ នាក់ផ្សេងទៀត បានទទួលការងារនៅតាមសហគ្រាសខ្នាតតូច និងមធ្យម សិប្បកម្ម ភោជនីយដ្ឋាន រួមទាំងការដ្ឋានសំណង់ជាដើម។


ប្រភព៖ ក្រសួងព័ត៌មាន
