ខេត្តក្រចេះ៖ ដើម្បីជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងលើកស្ទួយផលិតផលក្នុងស្រុក ផ្សារផលិតផលខ្មែរខេត្តក្រចេះ កំពុងដំណើរការយ៉ាងមមាញឹក រៀងរាល់ថ្ងៃសុក្រ សៅរ៍ អាទិត្យ ចាប់ពីម៉ោង ៦ ព្រឹក ដល់ ៦ ល្ងាច។ ទីតាំងផ្សារនេះស្ថិតនៅផ្លូវបេតុងទឹកស្អាត ក្រុងក្រចេះ ជិតស្ពានសរ ដែលជាទីប្រជុំជនដ៏មានសក្ដានុពល។ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ផ្សារនេះជាកន្លែងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អាចមកគាំទ្រកសិផល និងផលិតផលខ្មែរជាច្រើនមុខ ដែលដាំដុះ និងកែច្នៃដោយផ្ទាល់ពីកសិករ និងផលិតករក្នុងខេត្ត។ 
ក្រោមការដឹកនាំ និងគាំទ្រយ៉ាងពេញទំហឹងពីក្រសួងពាណិជ្ជកម្ម រួមជាមួយនឹងការសម្របសម្រួលផ្ដល់ទីតាំងពីរដ្ឋបាលខេត្ត និងមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ ផ្សារនេះត្រូវបានរៀបចំឡើងក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) តាំងពីឆ្នាំ២០១៩ មកម្ល៉េះ។ គោលបំណងសំខាន់នៃផ្សារនេះ គឺផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករ និងអាជីវករខ្នាតតូច ដែលជាតំណាងក្រុមផលិត ដើម្បីឱ្យពួកគាត់អាចរកប្រាក់ចំណូលបានកាន់តែច្រើន និងលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។

ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ មិនត្រឹមតែជាការជួយដល់កសិករ និងផលិតករក្នុងស្រុកប៉ុណ្ណោះទេ តែថែមទាំងជាការរួមចំណែកដ៏ធំធេងក្នុងការបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូលជាតិ លើកស្ទួយជីវភាពប្រជាជន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឱ្យរីកចម្រើនកាន់តែប្រសើរឡើង។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមគាំទ្រផ្សារផលិតផលខ្មែរខេត្តក្រចេះ ដើម្បីរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ និងជីវភាពបងប្អូនកសិករយើង។

