ខេត្តព្រះសីហនុ៖ តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបង្ហាញថា ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខេត្តជាប់មាត់សមុទ្រមួយនេះ បានទទួលភ្ញៀវទេសចរសរុបចំនួន ៣២១.០៧៦ នាក់។ តួលេខនេះកើនឡើង ៣,០៨% បើធៀបនឹងឆ្នាំមុន។ ក្នុងចំណោមនោះ ភ្ញៀវជាតិមានចំនួន ៣១២.៤៧៨ នាក់ កើនឡើង ២,៩៩% និងភ្ញៀវបរទេសមានចំនួន ៨.៥៩៨ នាក់ កើនឡើង ៦,២៧%។

ភ្ញៀវទេសចរដែលបានទៅកម្សាន្តតាមបណ្ដាឆ្នេរ និងរមណីយដ្ឋាននានា មានចំនួនសរុប ៣១៥.៩៩៧ នាក់ កើនឡើង ៣,១០%។ ក្នុងនោះ ភ្ញៀវជាតិមានចំនួន ៣០៩.៩៣៨ នាក់ កើនឡើង ៣,០៦% និងភ្ញៀវបរទេសមានចំនួន ១.៩៩៧ នាក់ កើនឡើង ៥,១៣%។


ដោយឡែក ភ្ញៀវដែលបានធ្វើដំណើរចូលមកតាមច្រកអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ មាន ១៤ជើង ស្មើនឹងភ្ញៀវសរុប ១.៣០៨ នាក់ កើនឡើង ៧៦,៩៩%។


ចំណែកភ្ញៀវទេសចរដែលបានទៅកម្សាន្តតាមបណ្ដាកោះនានា ក្នុងខេត្តព្រះសីហនុ មានចំនួនសរុប ៣.៧៧១ នាក់។ ការកើនឡើងនៃចំនួនភ្ញៀវទេសចរនេះ បានឆ្លុះបញ្ចាំងពីភាពទាក់ទាញ និងសក្ដានុពលនៃវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ ជាពិសេសក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិដ៏សំខាន់នេះ។



