(ខេត្តតាកែវ)៖ ក្រសួងព័ត៌មានបានផ្សាយកាលពីល្ងាចថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ ថា សណ្ឋាគារលំដាប់ផ្កាយ៤ មួយនឹងលេចរូបរាងឡើងក្នុងពេលឆាប់ៗនេះ នៅមាត់បឹងតាកែវ ដើម្បីជាមេដែកទាក់ទាញភ្ញៀវទេសចរ។ បច្ចុប្បន្ន រដ្ឋបាលខេត្តតាកែវ កំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការទាក់ទាញភ្ញៀវទេសចរបរទេស និងអ្នកវិនិយោគឱ្យមកបណ្ដាក់ទុនក្នុងខេត្ត ដើម្បីបង្កើនឱកាសការងារជូនប្រជាពលរដ្ឋ ជាពិសេសគឺត្រៀមទទួលគម្រោងសាងសង់សណ្ឋាគារលំដាប់ផ្កាយ៤ នៅមាត់បឹងតាកែវ ក្នុងក្រុងដូនកែវ ដែលជាការវិនិយោគទុនរបស់ក្រុមហ៊ុនចិន។

នេះជាការលើកឡើងរបស់ ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានថ្លែងបញ្ជាក់ប្រាប់ទៅសមាជិកក្រុមប្រឹក្សាខេត្ត ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅនេះ អំពីវឌ្ឍនភាពដ៏សំខាន់មួយនេះ។ ឯកឧត្ដមអភិបាលខេត្ត បានបន្តថា នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិនកន្លងទៅថ្មីៗនេះ ឯកឧត្ដម បានជួបពិភាក្សាជាមួយសមាគមអ្នកវិនិយោគចិន និងប្រធានសមាគមទេសចរណ៍ចិន អំពីសក្ដានុពលដ៏សម្បូរបែបរបស់ខេត្តតាកែវ។
ឯកឧត្ដមអភិបាលខេត្ត បន្ថែមថា ខេត្តតាកែវមានភាពងាយស្រួលក្នុងការធ្វើដំណើរ ដោយមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក និងផ្លូវទឹកល្អប្រសើរ ក៏ប៉ុន្តែ អ្វីដែលយើងមិនទាន់មាន គឺសណ្ឋាគារកម្រិតស្តង់ដា និងមុខម្ហូបបរទេសសម្រាប់ទទួលភ្ញៀវទេសចរណ៍អន្តរជាតិឱ្យស្នាក់នៅប្រកបដោយផាសុកភាព។

ឯកឧត្ដមអភិបាលខេត្ត បានថ្លែងបន្ថែមថា ក្រោយពីមានកិច្ចពិភាក្សាជាមួយអ្នកវិនិយោគចិនរួចមក ក្រុមហ៊ុនចិនមួយនឹងចុះមកសិក្សាគម្រោងសាងសង់សណ្ឋាគារផ្កាយ ៤ ដែលមានកម្ពស់ ៦ ជាន់ នៅបរិវេណមាត់បឹងតាកែវ។ សណ្ឋាគារនេះ នឹងក្លាយជាទីតាំងដ៏សំខាន់សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ ដែលមកកម្សាន្ត និងស្នាក់នៅក្នុងខេត្តតាកែវ។ លើសពីនេះ ឯកឧត្ដមអភិបាលខេត្តតាកែវ បានសម្ដែងក្ដីសង្ឃឹមយ៉ាងមុតមាំថា ក្រោយពេលសណ្ឋាគារលំដាប់ផ្កាយ ៤ នេះលេចរូបរាងឡើង វានឹងជួយលើកកម្ពស់វិស័យទេសចរណ៍របស់ខេត្ត ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀតជាក់ជាពុំខាន ព្រមទាំងបង្កើតកម្លាំងចលករសេដ្ឋកិច្ចថ្មីនៅក្នុងខេត្ត៕
ប្រភព៖ ក្រសួងព័ត៌មាន
