រាជធានីភ្នំពេញ៖ ខណៈដែលព្រះរាជពិធីបុណ្យអុំទូក បានបញ្ចប់ហើយនោះ, អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តអំពាវនាវយ៉ាងទទូចដល់បងប្អូនពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ និងបងប្អូនប្រជាពលរដ្ឋទូទៅដែលមិនទាន់មានការងារធ្វើ សូមមេត្តាទាក់ទងមកលេខទូរស័ព្ទ ១២៩៧ ដើម្បីទទួលបានឱកាសការងារធ្វើដ៏សម្បូរបែបជាច្រើនកន្លែង។ 
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍បញ្ជាក់នៅថ្ងៃទី៧ ខែវិច្ឆិកានេះថា បន្ទាប់ពីព្រះរាជពិធីបុណ្យអុំទូកបានបញ្ចប់ដោយជោគជ័យ, សម្រាប់បងប្អូនពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ និងបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារធ្វើដ៏ល្អៗ។ លោកបានបន្តថា បច្ចុប្បន្ននេះ នៅទូទាំងប្រទេសកម្ពុជា នៅសល់ឱកាសការងារចំនួន ៧៥ ៣០២កន្លែងថែមទៀត កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។ 

លោកបានសង្កត់ធ្ងន់ថា សម្រាប់បងប្អូនពលករ និងប្រជាពលរដ្ឋដែលមិនទាន់មានជំនាញច្បាស់លាស់ ក៏អាចទាក់ទងមកលេខ ១២៩៧ បានដែរ ហើយក៏មានឱកាសទទួលបានការងារធ្វើដូចគ្នាទៅនឹងអ្នកមានជំនាញផងដែរ។ នេះជាដំណឹងល្អសម្រាប់អ្នកដែលកំពុងស្វែងរកមុខរបរចិញ្ចឹមជីវិត។ 
បើតាមការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា ក្នុងរយៈពេល ៣ខែកន្លងមកនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានខិតខំសហការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន សហជីព និងអ្នកពាក់ព័ន្ធផ្សេងទៀត ដោយបានជួយស្វែងរកការងារជូនបងប្អូនពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃវិញ បានជាង ៣៤ម៉ឺននាក់។ ក្នុងចំណោមនោះ ប្រមាណ ២៧ម៉ឺននាក់ បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន សហគ្រាស និងរោងចក្រផ្លូវការ ខណៈដែលប្រមាណ ៧ម៉ឺននាក់ផ្សេងទៀត បានទទួលការងារនៅតាមសហគ្រាសខ្នាតតូច និងមធ្យម សិប្បកម្ម ភោជនីយដ្ឋាន និងនៅតាមការដ្ឋានសំណង់ ជាដើម។ នេះបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ក្រសួងក្នុងការផ្ដល់ឱកាសដល់ប្រជាពលរដ្ឋគ្រប់រូប។ ៕ 

