រាជធានីភ្នំពេញ៖ កម្ពុជាបានស្នើក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីល្បាញ Emirates Airline ឱ្យពិចារណាលើការបង្កើតជើងហោះហើរត្រង់មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញវិស័យទេសចរណ៍និងសេដ្ឋកិច្ចជាតិ។

នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍កាលពីរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារយ៉ាងជិតស្និទ្ធជាមួយលោកស្រី Helen Breen នាយិកាផ្នែកលក់របស់ក្រុមហ៊ុន Emirates Airline អំពីកិច្ចសហប្រតិបត្តិការដើម្បីពង្រីកការតភ្ជាប់ផ្លូវអាកាស និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា។


ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើក្រុមហ៊ុន Emirates ពិនិត្យលទ្ធភាពបង្កើតជើងហោះហើរត្រង់មកកម្ពុជាផ្ទាល់ ដោយសង្កត់ធ្ងន់ថា បច្ចុប្បន្ន កម្ពុជាមានអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4F គឺអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានលទ្ធភាពទទួលយន្តហោះធំៗបាន។

លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗមួយចំនួនទៀត ដូចជា Turkish Airlines និង Etihad ក៏បានចាប់ផ្តើមជើងហោះហើរត្រង់មកកាន់កម្ពុជាផងដែរ ដែលជាសញ្ញាល្អសម្រាប់កំណើនភ្ញៀវទេសចរ។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអញ្ជើញលោកស្រី Helen Breen និងសហការីមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែងនៃចំនួនភ្ញៀវទេសចរ និងស្វែងយល់កាន់តែច្បាស់អំពីសក្តានុពលទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា។ ការអញ្ជើញនេះ គឺដើម្បីបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជាក្នុងការទទួលស្វាគមន៍ជើងហោះហើរត្រង់បន្ថែមទៀត។

