សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា បានរួមគ្នាទម្លាក់ការចោទប្រកាន់ធ្ងន់ៗទៅលើអ៊ីរ៉ង់ថា បានរៀបចំផែនការធ្វើឃាតឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅម៉ិកស៊ិក។ យ៉ាងណាមិញ ទីក្រុងតេអេរ៉ង់បានច្រានចោលការចោទប្រកាន់នេះថា ជាការកុហកដ៏ធំសម្បើម។
ការចោទប្រកាន់ពីផែនការធ្វើឃាតនេះកើតឡើងចំពេលដែលភាពតានតឹងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងឡើងដល់ចំណុចកំពូល ដោយប្រទេសទាំងពីរបានផ្លាស់ប្តូរការវាយប្រហារគ្នាទៅវិញទៅមកលើទឹកដីរបស់ខ្លួន។
តាមការដកស្រង់ចេញពីសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីស្រាអែល កាសែត The Guardian បានរាយការណ៍ថា «យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្នាក់ងារសន្តិសុខ និងកងកម្លាំងអនុវត្តច្បាប់ម៉ិកស៊ិក ដែលបានទប់ស្កាត់ផែនការវាយប្រហារលើឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសម៉ិកស៊ិក»។
មន្ត្រីអាមេរិកម្នាក់ដែលមិនបញ្ចេញឈ្មោះបានបញ្ជាក់ដែរថា កងកម្លាំង Quds Force ជាន់ខ្ពស់របស់អ៊ីរ៉ង់ជាអ្នកផ្តើមគំនិតផែនការនេះនៅចុងឆ្នាំ ២០២៤ ហើយត្រូវបានទប់ស្កាត់បាននៅឆ្នាំនេះ ដោយបច្ចុប្បន្នលែងបង្កការគំរាមកំហែងទៀតហើយ។ ទោះជាយ៉ាងណា មន្ត្រីរូបនេះមិនបានផ្តល់ភស្តុតាងលម្អិត ឬបកស្រាយពីរបៀបដែលការប៉ុនប៉ងធ្វើឃាតនេះត្រូវបានរារាំងឡើយ។
ទីក្រុង Tel Aviv បានអះអាងថា ផែនការធ្វើឃាតនេះត្រូវបានរៀបចំឡើង បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារលើអគារស្ថានទូតអ៊ីរ៉ង់នៅទីក្រុង Damascus ប្រទេសស៊ីរី កាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៤ ដែលបណ្តាលឱ្យមន្ត្រីយោធាជាន់ខ្ពស់ជាច្រើននាក់នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានស្លាប់។
ផ្ទុយទៅវិញ ទីក្រុងតេអេរ៉ង់បានចេញមុខច្រានចោលការចោទប្រកាន់ទាំងអស់នេះ ដោយចាត់ទុកថាវាជាការភូតកុហកដ៏ច្បាស់លាស់មួយ ដែលមានបំណងបំផ្លាញទំនាក់ទំនងមិត្តភាព និងប្រវត្តិសាស្ត្ររវាងប្រទេសម៉ិកស៊ិក និងអ៊ីរ៉ង់។ ពួកគេបានបដិសេធយ៉ាងដាច់អហង្ការ។
ទន្ទឹមនឹងនេះ ក្រសួងការបរទេស និងក្រសួងសន្តិសុខម៉ិកស៊ិក បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានរបស់ពួកគេមិនបានទទួលរបាយការណ៍ណាមួយទាក់ទងនឹងផែនការប្រឆាំងនឹងឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសម៉ិកស៊ិកនោះឡើយ។
