រាជធានីភ្នំពេញ ៖ ក្រសួងបរិស្ថាន បានសម្រេចលទ្ធផលដ៏ត្រចះត្រចង់ក្នុងការទប់ស្កាត់ការបញ្ចេញសំណល់រាវបំពុលបរិស្ថានពីសំណាក់រោងចក្រ សហគ្រាស និងក្រុមហ៊ុននានា បានរហូតដល់ទៅ ១៥.៨៩៤.៤៥០ ម៉ែត្រគូប ក្នុងរយៈពេល១០ខែ គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៥។ ជាក់ស្តែងសម្រាប់តែខែតុលា ឆ្នាំ២០២៥ ក្រសួងបានទប់ស្កាត់សំណល់រាវបានប្រមាណ២លានម៉ែត្រគូប ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការការពារបរិស្ថាន។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា លទ្ធផលនេះគឺកើតចេញពីការអនុវត្តខ្ជាប់ខ្ជួនតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ និងកាត់បន្ថយការបំពុលទឹកសាធារណៈ។ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញដោយអនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក៏បានកំណត់សសរស្តម្ភចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។

ចំពោះសសរស្តម្ភភាពស្អាត ក្រសួងបរិស្ថានបានផ្តោតសំខាន់លើការផ្សព្វផ្សាយ យុទ្ធនាការ និងសកម្មភាពដើម្បីធានាថាកម្ពុជាមានភាពស្អាតទាំងលើផ្ទៃដី ក្នុងទឹក និងលើមេឃ។ ជាពិសេសសម្រាប់ភាពស្អាតក្នុងទឹក ក្រសួងបានរួមបញ្ចូលយុទ្ធនាការទប់ស្កាត់ការបញ្ចេញសំណល់រាវបំពុលតំបន់ទឹកសាធារណៈ និងបរិស្ថាន។ គួរកត់សម្គាល់ថា ម្ចាស់រោងចក្រ សហគ្រាស និងក្រុមហ៊ុននានា បានចូលរួមយ៉ាងសកម្មក្នុងការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ ដើម្បីទប់ស្កាត់ការបំពុលទឹកសាធារណៈ និងប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ។
លោក ខ្វៃ អាទិត្យា ក៏បានបញ្ជាក់ផងដែរថា ការទប់ស្កាត់ការបំពុលបរិស្ថានតាមរយៈសំណល់រាវទាំងនេះ គឺមានចែងយ៉ាងច្បាស់ក្នុងច្បាប់ជាធរមានរបស់កម្ពុជា ក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់មាត្រា១៧៨, ២៨៧, ២៨៨, ៨២៩ ដែលទាក់ទងនឹងការបញ្ចេញសំណល់ ឬសារធាតុបំពុលទៅក្នុងបរិស្ថាន មិនស្របតាមស្តង់ដារបញ្ចេញសំណល់រាវ និងមាត្រា៨៤៥ អំពីការមិនអនុវត្តកាតព្វកិច្ចក្នុងការគ្រប់គ្រងសំណល់រាវ និងទឹកកខ្វក់។ លើសពីនេះ បទដ្ឋានគតិយុត្តជាច្រើនទៀតក៏បានចូលជាធរមានក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។
គិតត្រឹមខែតុលា ឆ្នាំ២០២៥ នេះដែរ រោងចក្រ សហគ្រាស និងក្រុមហ៊ុនចំនួន ៦១ ទីតាំង បានចុះកិច្ចសន្យា ក្នុងនោះមាន ៤៨ ទីតាំង បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ នៅតាមទីតាំងរៀងៗខ្លួនរួចរាល់៕
