នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានចេញសេចក្តីថ្លែងការណ៍យ៉ាងមុតមាំ បញ្ជាក់ពីជំហររំលាយសភាមុនកាលកំណត់ ដែលជាកិច្ចព្រមព្រៀងជាមួយគណបក្សប្រជាជន ប្រសិនបើមានការដាក់ញត្តិចោទប្រកាន់ និងបោះឆ្នោតដកសេចក្តីទុកចិត្តពីសមាជិកសភាគណបក្សផ្សេងៗ។
ដោយយល់ច្បាស់ពីរដ្ឋាភិបាលរបស់លោកគ្មានលទ្ធភាពការពារខ្លួនពីការបោះឆ្នោតដកសេចក្តីទុកចិត្ត ប្រសិនបើរឿងនេះកើតឡើង លោក អានុទីន បានរំលឹកឡើងវិញនូវកិច្ចព្រមព្រៀងដែលលោកបានធ្វើជាមួយគណបក្សប្រជាជន ដែលជាគណបក្សប្រឆាំងធំជាងគេនៅថៃ។ ការណ៍នេះមានគោលបំណងបង្អាក់បំណងរបស់គណបក្សដទៃ ជាពិសេសគណបក្សភឿថៃ ដែលបានបង្ហាញចេតនាចង់ដាក់ញត្តិទៅកាន់សភាដើម្បីជជែកដេញដោល និងបោះឆ្នោតដកសេចក្តីទុកចិត្ត។

លោក អានុទីន បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ក្នុងនាមខ្ញុំជានាយករដ្ឋមន្ត្រី ដែលឡើងកាន់អំណាចពីកិច្ចព្រមព្រៀងជាមួយគណបក្សប្រជាជនថា ខ្ញុំនឹងរំលាយសភាក្នុងរយៈពេល ១២០ថ្ងៃ ដែលត្រូវកំណត់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦»។
តាមរយៈសារនោះ លោក អានុទីន បានរំលឹកឡើងវិញនូវកិច្ចការសំខាន់ៗដែលខ្លួនត្រូវអនុវត្ត រួមមាន៖ ១) ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងការតាក់តែងច្បាប់រដ្ឋធម្មនុញ្ញថ្មី ២) ធ្វើប្រជាមតិលើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅថ្ងៃបោះឆ្នោតសកលបន្ទាប់សម្រាប់សមាជិកសភា ៣) ការរំលាយសភាតំណាងរាស្ត្រក្នុងរយៈពេល ១២០ថ្ងៃ គិតចាប់ពីថ្ងៃប្រកាសគោលនយោបាយ និង ៤) គណបក្សប្រជាជនដើរតួជាបក្សប្រឆាំង ពិនិត្យ និងផ្តល់យោបល់ដល់រដ្ឋាភិបាល ដែលជាតួនាទី និងការត្រួតពិនិត្យដែលលោកទទួលយក និងសុខចិត្តកែតម្រូវ។

សេចក្តីថ្លែងការណ៍របស់លោក អានុទីន បានធ្វើឡើងចំពេលដែលមានការកើនឡើងយ៉ាងខ្លាំងអំពីលទ្ធភាពនៃការប្រឈមនឹងការបោះឆ្នោតដកសេចក្តីទុកចិត្ត ខណៈដែលរដ្ឋាភិបាលរបស់លោកគ្មានលទ្ធភាពតតាំងជាមួយសំឡេងគណបក្សប្រឆាំងដ៏ច្រើននោះទេ។
លោក អានុទីន បានលើកឡើងថា៖ «ខ្ញុំដឹងជានិច្ចថា ខ្ញុំដឹកនាំរដ្ឋាភិបាលភាគតិច។ ដូច្នេះ ប្រសិនបើមានការដាក់ញត្តិចោទប្រកាន់ដកសេចក្តីទុកចិត្ត ត្រូវបានគេដាក់ដើម្បីកេងចំណេញនយោបាយ នោះរដ្ឋាភិបាលគ្មានឱកាសទទួលបានសំឡេងភាគច្រើនឡើយ»។
លោក អានុទីន បានបន្តថា៖ «រដ្ឋាភិបាលនឹងត្រូវគិតគូរពីរបៀបបន្ត ព្រោះនេះមិនមានចែងក្នុងកិច្ចព្រមព្រៀងជាមួយគណបក្សប្រជាជនទេ។ យ៉ាងណាមិញ ប្រសិនបើសំណើនេះត្រូវបានគេដាក់ឲ្យបើកកិច្ចពិភាក្សាដើម្បីស្វែងរកដំណោះស្រាយរួមសម្រាប់បញ្ហាប្រទេសនោះ ខ្ញុំត្រៀមខ្លួនជាស្រេចក្នុងការសហការ»។
