លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំពិធីប្រកាសសមាជិកថ្មីយុវជនគណបក្សជាង១០០រូប ជំរុញស្មារតីបក្សនិងប្រៀបឈ្នះ!

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំពិធីប្រកាសសមាជិកថ្មីយុវជនគណបក្សជាង១០០រូប ជំរុញស្មារតីបក្សនិងប្រៀបឈ្នះ!

ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមាន៧មករា លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសទទួលស្គាល់សមាជិកថ្មីចំនួន ១៤៣ រូប នៃក្រុមជំនួយការ និងក្រុមចំណុះផ្នែកក្រសួង-ស្ថាប័ន របស់យុវជនគណបក្សថ្នាក់កណ្តាល។ ការណ៍នេះធ្វើឡើងតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល។
រូបភាពនៃពិធីប្រកាសសមាជិកថ្មី

ក្នុងពិធីដ៏មានសារៈសំខាន់នេះ លោក ឃុត ចាន់ដារ៉ា ប្រធានផ្នែកក្រសួង-ស្ថាប័ននៃយុវជនគណបក្សថ្នាក់កណ្តាល និងលោក ណុប រតនៈ អនុប្រធាន បានអានរបាយការណ៍វឌ្ឍនភាព និងសេចក្តីសម្រេចទទួលស្គាល់សមាជិកថ្មី។ ក្រោយមក លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងពរជ័យពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកាទាំងអស់។
រូបភាពថ្នាក់ដឹកនាំក្នុងពិធី

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ព្រមទាំងថវិការបស់សមាជិកក្រុមជំនួយការទាំងអស់ ដែលបានខិតខំកសាងកម្លាំងយុវជន លើកកម្ពស់ស្មារតីភ្ញាក់រលឹក និងជំនឿជឿជាក់លើការដឹកនាំរបស់គណបក្ស ក្នុងបំណងដណ្តើមបានប្រៀបខ្លាំង និងប្រៀបឈ្នះរាល់ការបោះឆ្នោត។
រូបភាពលោកបណ្ឌិតថ្លែងសន្ទរកថា

លោកបណ្ឌិតក៏បានរំលឹកនូវគោលការណ៍សំខាន់ៗរបស់គណបក្ស ដែលបានដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស រួមមាន៖ សិល្បៈនៃការចែករំលែក យុទ្ធសាស្រ្តឈ្នះ-ឈ្នះ និងគោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ។
រូបភាពអ្នកចូលរួមពិធី

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា សមាជិកបក្សទាំងអស់ត្រូវមានស្មារតីបក្សជាប់ជានិច្ច មិនមែនត្រឹមតែពេលពាក់ឯកសណ្ឋានបក្សនោះទេ គឺត្រូវតែមាននៅក្នុងខ្លួនជារៀងរហូត ដើម្បីក្លាយជាកោសិកា និងឈាមជ័ររបស់គណបក្ស ក្នុងការបន្តវេនដឹកនាំគណបក្ស និងដឹកនាំប្រទេសជាតិទៅថ្ងៃអនាគត។
រូបភាពថ្នាក់ដឹកនាំនិងសមាជិក

បន្ថែមលើនេះ លោកបណ្ឌិតក៏បានលើកបង្ហាញពីជោគជ័យនៃកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ដែលសម្រេចបានតាមយុទ្ធសាស្ត្រ “ស្ងាត់ តែមិននៅស្ងៀម” របស់រាជរដ្ឋាភិបាល។ ជោគជ័យនេះបានធ្វើឲ្យកម្ពុជាល្បីល្បាញលើឆាកអន្តរជាតិ ពិសេសគឺសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលជាថ្នាក់ដឹកនាំពោរពេញដោយសមត្ថភាព។ ជាមួយគ្នានេះ កម្ពុជាក៏ទទួលបានពន្ធបដិការពាណិជ្ជកម្មបន្ថែមផងដែរ។
រូបភាពការប្រជុំ

មុននឹងបិទបញ្ចប់ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានផ្តល់អនុសាសន៍សំខាន់ៗ ដោយអំពាវនាវឱ្យក្រុមជំនួយការទាំងអស់ធ្វើការជាមួយគ្នាជាបងប្អូន និងចងចាំជានិច្ចនូវបណ្តាំដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺការធ្វើអំពើល្អ ការគោរពវិន័យ ការចូលរួមដោយឆន្ទៈ ការទទួលខុសត្រូវខ្ពស់ និងការលះបង់ ព្រមទាំងឈរលើគោលការណ៍សាមគ្គី ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ដើម្បីធានាបាននូវជ័យជម្នះជាបន្តបន្ទាប់។
រូបភាពសកម្មភាពពិធី
លោកបណ្ឌិតក៏បានជំរុញឱ្យសមាជិកបក្សទាំងអស់បន្តបំផុសចលនាកៀរគរ បំពាក់បំប៉នសតិអារម្មណ៍សមាជិកថ្មីជាយុវជន ពិសេសពលករខ្មែរពីប្រទេសថៃ។ ត្រូវត្រៀមលក្ខណៈឱ្យបានល្អ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយបក្ស និងចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ស្របតាមអភិក្រម «រក្សាចាស់ បង្កើនថ្មី និងសមាជិកបក្សម្នាក់ សន្លឹកឆ្នោតមួយសន្លឹក»។
រូបភាពសមាជិកបក្ស

administrator

Related Articles