រាជធានីភ្នំពេញ៖ សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៥ បានបើកសម្ពោធជាផ្លូវការយ៉ាងមហោឡារិកនៅសណ្ឋាគារសាំងគ្រីឡា ភ្នំពេញ កាលពីព្រឹកថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានអញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសន្ទរកថាគន្លឹះផងដែរ។

វត្តមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប រួមមាន ឯកឧត្តម Roger V. Navarro អនុរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក Jeremy Zwinger ប្រធាន និងនាយកប្រតិបត្តិនៃ The Rice Trader និងលោកស្រី Yvonne Pinto អគ្គនាយិកានៃវិទ្យាស្ថានស្រាវជ្រាវអង្ករអន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងឧកញ៉ាជាច្រើនរូប បានធ្វើឲ្យកិច្ចប្រជុំកំពូលនេះកាន់តែមានន័យ។

ថ្លែងក្នុងឱកាសនោះ លោកស្រីរដ្ឋមន្ត្រី ចម និម្មល បានសម្តែងក្តីរីករាយជាខ្លាំងដែលកម្ពុជាបានធ្វើជាសហម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ។ លោកស្រីក៏បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានចូលរួមបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីលើកកម្ពស់អនាគតដ៏ចីរភាព និងវិបុលភាពសម្រាប់ដំណាំអាហារដ៏សំខាន់របស់មនុស្សជាតិ គឺស្រូវអង្ករ។

លោកស្រីរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៥ ពិតជាមានសារៈសំខាន់ពិសេសសម្រាប់កម្ពុជា ដោយមិនត្រឹមតែបញ្ជាក់ពីភាពលេចធ្លោរបស់កម្ពុជានៅលើឆាកអន្តរជាតិក្នុងវិស័យស្រូវអង្ករប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះនិរន្តរភាព នវានុវត្តន៍ និងកំណើនប្រកបដោយបរិយាបន្ន ដើម្បីកំណត់ទិសដៅអនាគតនៃផលិតកម្មស្រូវអង្ករ។

លោកស្រីក៏បានបន្ថែមថា កម្ពុជានៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើបញ្ហាប្រឈមនានា រួមមានភាពស្មុគស្មង់នៃបទប្បញ្ញត្តិនាំចូល ពន្ធគយខ្ពស់ និងបញ្ហាដឹកជញ្ជូន ដែលអាចរារាំងការចូលទីផ្សារថ្មី។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងពាណិជ្ជកម្មបន្តដោះស្រាយបញ្ហាទាំងនេះតាមរយៈការចរចាពាណិជ្ជកម្ម ការប្រែក្លាយឌីជីថល និងកិច្ចសន្ទនាដ៏ជិតស្និទ្ធរវាងវិស័យរដ្ឋ និងឯកជន។

មុននឹងបញ្ចប់ លោកស្រីរដ្ឋមន្ត្រីបានអញ្ជើញអ្នកចូលរួមទាំងអស់ អ្នកវិនិយោគ និងធុរជនអន្តរជាតិ ឲ្យបង្កើតទំនាក់ទំនងល្អជាមួយស្ថាប័នពាក់ព័ន្ធនានា ដើម្បីស្វែងយល់ឲ្យកាន់តែស៊ីជម្រៅអំពីកាលានុវត្តភាពវិនិយោគប្រកបដោយចីរភាព និងនវានុវត្តន៍នៅក្នុងវិស័យស្រូវអង្កររបស់កម្ពុជា។

គួររំលឹកផងដែរថា ក្រសួងពាណិជ្ជកម្មបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “យុទ្ធសាស្ត្រស្តីពីការពង្រីកទីផ្សារ និងពិពិធកម្មការនាំចេញអង្ករកម្ពុជា ឆ្នាំ២០២៥-២០៣០” ដែលជាផែនទីបង្ហាញផ្លូវដ៏សំខាន់មួយ សម្រាប់ពង្រឹងវត្តមានអង្ករកម្ពុជានៅលើឆាកអន្តរជាតិ ជំរុញពិពិធកម្មគោលដៅនាំចេញ និងបង្កើនភាពប្រកួតប្រជែង។
You can share this post!
