សោកនាដកម្ម! ជាងដេគ័រម្នាក់លង់ទឹកស្ទឹងស្លាប់ក្រោយផឹកស៊ីជុំគ្រួសារ ព្រោះនឹកឪពុកម្តាយពេក

សោកនាដកម្ម! ជាងដេគ័រម្នាក់លង់ទឹកស្ទឹងស្លាប់ក្រោយផឹកស៊ីជុំគ្រួសារ ព្រោះនឹកឪពុកម្តាយពេក

ខេត្តកណ្តាល៖ បុរសជាមេជាងដេគ័រម្នាក់បានជួបគ្រោះអកុសលលង់ទឹកស្ទឹងព្រែកត្នោតស្លាប់ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីរូបគាត់បានទៅលេងឪពុកម្តាយ និងជួបជុំបងប្អូនផឹកស៊ីជុំគ្នាយ៉ាងសប្បាយរីករាយ។ សពត្រូវបានប្រទះឃើញអណ្តែតទឹកនៅរសៀលថ្ងៃបន្ទាប់។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចាន់ សុផានិត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមេជាងដេគ័រ ស្នាក់នៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចមាត់ស្ទឹងព្រែកត្នោត ភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ សាកសពត្រូវបានប្រទះឃើញនៅវេលាម៉ោង ២:៣៩ នាទីរសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចបឹងកោះខ្វែក ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បងប្រុសបង្កើតរបស់ជនរងគ្រោះឈ្មោះ ចាន់ ធីយ៉ា អាយុ២៧ឆ្នាំ បានរៀបរាប់ថា នៅយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០ យប់ ជនរងគ្រោះបានខ្ចីម៉ូតូមិត្តភក្តិឈ្មោះ អុច បញ្ញា អាយុ១៩ឆ្នាំ ដើម្បីជិះទៅលេងឪពុកម្តាយនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ពេលទៅដល់ផ្ទះឪពុកម្តាយ ពួកគេបានហូបបាយ និងផឹកស្រាជុំគ្រួសារយ៉ាងរីករាយ។

លុះដល់យប់ជ្រៅ គាត់ក៏បានចេញពីផ្ទះម្តាយទៅបន្តផឹកស៊ីនៅផ្ទះឈ្មោះ ចឹក ចាន់ នៅភូមិអាចម៏កុក សង្កាត់កំពង់សំណាញ់ រហូតដល់ម៉ោង ២:០០ យប់ ឈានចូលថ្ងៃទី៦ ខែវិច្ឆិកា ទើបជនរងគ្រោះត្រឡប់មកផ្ទះវិញ ដោយជិះម៉ូតូម្នាក់មួយគ្រឿងជាមួយបងប្រុសរបស់ខ្លួនឈ្មោះ ចាន់ ធីយ៉ា ដែលជិះទៅមុន។

លុះមកដល់ចំណុចផ្លូវកោងកើតហេតុ ទំនងជាជនរងគ្រោះមិនបានដឹង ក៏បានជិះម៉ូតូធ្លាក់ចូលស្ទឹងតែម្តង។ បងប្រុសដែលជិះទៅមុន ពេលបាត់ប្អូនក៏ជិះត្រឡប់មកវិញ ឃើញតែម៉ូតូរបស់ប្អូននៅក្នុងស្ទឹង តែមិនទាន់លិចទឹកឡើយ ចំណែកមនុស្សបាត់ខ្លួន។ ភ្លាមៗនោះ កម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់សំណាញ់ លោកចៅសង្កាត់ និងមេភូមិ ក៏បានចុះទៅអន្តរាគមន៍ជួយរកដែរ តែដោយសារទឹកស្ទឹងជន់ឡើងខ្លាំង និងហូរលឿនពេក ទើបមិនអាចរកឃើញសាកសព។

រហូតដល់រសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ២:៣៩ នាទីរសៀល ប្រជាពលរដ្ឋបានប្រទះឃើញសាកសពអណ្តែតទឹកនៅទំនប់៩៦ ក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយក៏បានរកទូកស្រង់ជនរងគ្រោះមកលើគោក រួចរាយការណ៍ជូនអាជ្ញាធរចុះមកពិនិត្យ។

តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យ បានបញ្ជាក់ថា សាកសពពាក់អាវយឺតកមូលពណ៌ខ្មៅ ខោខូវប៊យជើងវែង មានលីអូខាងក្នុង ខ្សែក្រវ៉ាត់ និងនាឡិកានៅដៃ។ នៅលើដងខ្លួនពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ របកស្បែក គូទមានលាមកក្នុងខោ និងអវយវៈដៃជើងទាំងពីរពុំមានស្លាកស្នាមអ្វីឡើយ។ ដូច្នេះ ជនរងគ្រោះស្លាប់បណ្តាលមកពីលង់ទឹក ដោយសារដួលម៉ូតូធ្លាក់ចូលស្ទឹងព្រែកត្នោត។ បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ។

administrator

Related Articles