ព្យុងយ៉ាង បញ្ចេញប្រតិកម្មខ្លាំងៗ ថ្កោលទោសកិច្ចប្រជុំសន្តិសុខអាមេរិក-កូរ៉េខាងត្បូង ព្រមានចាត់វិធានការវាយបក!

ព្យុងយ៉ាង បញ្ចេញប្រតិកម្មខ្លាំងៗ ថ្កោលទោសកិច្ចប្រជុំសន្តិសុខអាមេរិក-កូរ៉េខាងត្បូង ព្រមានចាត់វិធានការវាយបក!

ថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកា កូរ៉េខាងជើងបានបញ្ចេញប្រតិកម្មថ្កោលទោសយ៉ាងដាច់អហង្ការចំពោះកិច្ចចរចាសន្តិសុខប្រចាំឆ្នាំរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលបានប្រព្រឹត្តទៅកាលពីសប្តាហ៍នេះ ដោយចាត់ទុកថាជាចេតនាអរិភាពរបស់សម្ព័ន្ធមិត្តទាំងពីរប្រឆាំងនឹងខ្លួន។ ក្នុងពេលជាមួយគ្នានេះ ទីក្រុងព្យុងយ៉ាងក៏បានព្រមាននឹងចាត់វិធានការវាយលុកបន្ថែមទៀត ដើម្បីឆ្លើយតបនឹងការគំរាមកំហែងពីសត្រូវ។

យោងតាមសារព័ត៌មាន Reuters រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង លោក No Kwang-chol បានសង្កត់ធ្ងន់ក្នុងសេចក្តីថ្លែងការណ៍មួយថា កូរ៉េខាងជើងបានយល់យ៉ាងច្បាស់អំពីអរិភាពដែលសហរដ្ឋអាមេរិកបង្ហាញចំពោះទីក្រុងព្យុងយ៉ាង។ ការថ្លែងនេះធ្វើឡើងក្រោយពេលប្រមុខការពារជាតិកូរ៉េខាងត្បូង និងអាមេរិកបានបើកកិច្ចប្រជុំពិគ្រោះយោបល់សន្តិសុខលើកទី៥៧ នៅទីក្រុងសេអ៊ូលកាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាបញ្ហាសម្ព័ន្ធមិត្ត និងការពារជាតិសំខាន់ៗ។

លោក No Kwang-chol ក៏បានរិះគន់យ៉ាងខ្លាំងទៅលើសមយុទ្ធផ្លូវអាកាសរួមគ្នាចុងក្រោយរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល រួមទាំងដំណើរទស្សនកិច្ចរបស់នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ USS George Washington មកកាន់កូរ៉េខាងត្បូងផងដែរ។ លោកបានបញ្ជាក់ថា សហរដ្ឋអាមេរិកបានបង្ហាញចេតនាច្បាស់លាស់ និងបង្កើនភាពតានតឹងផ្នែកនយោបាយ និងយោធានៅលើឧបទ្វីបកូរ៉េ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានដកស្រង់សម្តីលោក No ដែលបានព្រមានថា៖ «រាល់ការគំរាមកំហែងដែលរំលោភលើវិស័យសន្តិសុខរបស់កូរ៉េខាងជើង នឹងក្លាយជាគោលដៅផ្ទាល់ ហើយនឹងត្រូវបានចាត់វិធានការតាមរបៀបចាំបាច់។ ពួកយើងនឹងបង្ហាញសកម្មភាពវាយលុកបន្ថែមទៀតប្រឆាំងនឹងការគំរាមកំហែងរបស់សត្រូវ ដោយផ្អែកលើគោលការណ៍នៃការធានាសន្តិសុខ និងការពារសន្តិភាពដោយកម្លាំងដ៏ខ្លាំងក្លា»។

សេចក្តីថ្លែងការណ៍ដ៏តានតឹងនេះ កើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចម្ងាយខ្លីមួយគ្រាប់ ដែលត្រូវបានគេសង្ស័យថាជាមីស៊ីលផ្លោងឆ្ពោះទៅកាន់សមុទ្រខាងកើត។ ទោះជាយ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងមិនបានធ្វើរបាយការណ៍អំពីការបាញ់មីស៊ីលចុងក្រោយនេះទេ។

ការបាញ់មីស៊ីលនេះ បានកើតឡើងបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានព្រមានអំពីវិធានការ «ត្រឹមត្រូវ» ដើម្បីឆ្លើយតបនឹងការដាក់ទណ្ឌកម្មថ្មីៗរបស់ទីក្រុងវ៉ាស៊ីនតោន។

គួរកត់សម្គាល់ថា កូរ៉េខាងជើងនៅតែមិនទាន់ឆ្លើយតបទៅនឹងសំណើសម្រាប់ការសន្ទនាពីសំណាក់ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ខណៈពេលដែលខ្លួននៅតែបន្តការបាញ់មីស៊ីលជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ កាលពីសប្តាហ៍មុន ទីក្រុងព្យុងយ៉ាងក៏បានបាញ់មីស៊ីលផ្លោងពីសមុទ្រទៅដី មុនពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មកកាន់ប្រទេសកូរ៉េខាងត្បូង សម្រាប់កិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកផងដែរ។

administrator

Related Articles