ប្រទេសថៃកំពុងប្រឈមនឹងស្ថានភាពទឹកជំនន់ធ្ងន់ធ្ងរ ដោយខេត្តចំនួន ៧ ត្រូវបានប្រកាសដាក់ក្នុងកម្រិតអាសន្នពណ៌ក្រហម ដែលជាសញ្ញាគ្រោះថ្នាក់បំផុត។ ការប្រកាសអាសន្ននេះកើតឡើងបន្ទាប់ពីទំនប់វារីអគ្គិសនីចៅប្រាយ៉ា (Chao Phraya) មិនអាចទប់ទល់នឹងបរិមាណទឹកភ្លៀងដ៏ច្រើនដែលបន្តធ្លាក់ចុះជាឥទ្ធិពលព្យុះបន្តបន្ទាប់។
យោងតាមការផ្សាយរបស់សារព័ត៌មាន Khaosod ដែលដកស្រង់ប្រភពពីទីភ្នាក់ងារអវកាសនិងភូមិសាស្ត្រព័ត៌មានវិទ្យាជាតិនៃប្រទេសថៃ (GISTDA) កាលពីថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ខេត្តទាំង ៧ រួមមាន៖ Chainat, Singburi, Ang Thong, Suphanburi, Phra Nakhon Si Ayutthaya, Saraburi និង Pathum Thani សុទ្ធតែស្ថិតក្នុងស្ថានភាពគ្រាអាសន្ន និងតម្រូវឱ្យមានការតាមដានយ៉ាងដិតដល់។ ទំនប់ចៅប្រាយ៉ា ត្រូវបានគេរំពឹងថានឹងបញ្ចេញទឹកក្នុងកម្រិតដ៏ខ្ពស់រហូតដល់ ២,៨០០ ម៉ែត្រគូបក្នុងមួយវិនាទី។

GISTDA បានចេញការព្រមានថា តំបន់ទាំង ៧ ខាងលើនេះ នឹងរងការលិចលង់ធ្ងន់ធ្ងរ ជាពិសេសតំបន់ដីកសិកម្ម និងសហគមន៍ដែលស្ថិតនៅតាមបណ្ដោយដងទន្លេ។ ស្ថានការណ៍កាន់តែអាក្រក់ទៅៗ បន្ទាប់ពីអាជ្ញាធរស្រុក Pa Mok នៃខេត្ត Ang Thong បានចេញបទបញ្ជាឱ្យជម្លៀសប្រជាពលរដ្ឋជាបន្ទាន់ រួចទៅហើយកាលពីព្រឹកថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ក្រោយពីទំនប់មួយតាមបណ្ដោយទន្លេចៅប្រាយ៉ាបានបាក់។

ការិយាល័យទំនាក់ទំនងសាធារណៈខេត្ត បានបញ្ជាក់ថា កម្ពស់ទឹកទន្លេដែលឡើងខ្ពស់ខ្លាំង និងចរន្តទឹកហូរគំហុក បានបណ្ដាលឱ្យទំនប់ទឹកក្បែរស្ពាន Chao Phraya Pa Mok ជាប់នឹងផ្សារ Pa Mok បាក់ដាច់ផ្លូវ។ ក្រោយមក ទឹកជំនន់ដ៏ច្រើនសន្ធឹកសន្ធាប់ បានជន់លិចសហគមន៍ Pa Mok ទាំងស្រុង ដែលជំរុញឱ្យមន្ត្រីអាជ្ញាធរត្រូវអំពាវនាវឱ្យប្រជាពលរដ្ឋប្រមូលរបស់របរសំខាន់ៗ និងផ្លាស់ទីទៅកាន់ទីទួលសុវត្ថិភាពជាបន្ទាន់។
