រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៥ នេះ (ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា) ប្រជាពលរដ្ឋនិងភ្ញៀវទេសចរយ៉ាងច្រើនកុះករជិត២.៤លាននាក់ បានចេញដើរកម្សាន្តទូទាំងប្រទេស! នេះបើតាមការបង្ហាញស្ថិតិពីក្រសួងទេសចរណ៍។

តួលេខសរុបភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលបានទៅលេងកម្សាន្តនៅតាមបណ្តារាជធានី-ខេត្តនានាមានចំនួនប្រមាណ ២ ៣៦៤ ៤០៧ នាក់។ ក្នុងចំណោមនោះ ភ្ញៀវទេសចរជាតិមានប្រមាណ ២ ៣២០ ១៩៩ នាក់ ខណៈភ្ញៀវទេសចរបរទេសមានចំនួនគួរឱ្យកត់សម្គាល់រហូតដល់ ៤៤ ២០៨ នាក់។

ក្រសួងទេសចរណ៍ក៏បានបង្ហាញពីរាជធានី-ខេត្តទាំង៥ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេផងដែរគឺ៖

១. ខេត្តសៀមរាប ៖ ៣៦៨ ២៤៦ នាក់
២. ខេត្តព្រះសីហនុ ៖ ៣២១ ០៧៦ នាក់
៣. រាជធានីភ្នំពេញ ៖ ៣០២ ៦៥៩ នាក់
៤. ខេត្តកំពត ៖ ១៩៥ ៦៩១ នាក់
៥. ខេត្តប៉ៃលិន ៖ ១៨៩ ២១៨ នាក់

តួលេខនេះបានឆ្លុះបញ្ចាំងពីភាពរស់រវើកនៃវិស័យទេសចរណ៍កម្ពុជាជាពិសេសក្នុងអំឡុងពេលបុណ្យជាតិដ៏សំខាន់នេះ។

