វិមានក្រឹមឡាំងបានចេញមុខបដិសេធយ៉ាងដាច់អហង្ការកាលពីថ្ងៃទី ៧ ខែវិច្ឆិកាចំពោះរបាយការណ៍របស់បណ្តាញផ្សព្វផ្សាយបរទេសនានាដែលលើកឡើងថា រដ្ឋមន្ត្រីការបរទេសលោក Sergei Lavrov បានបាត់បង់ការគាំទ្រនិងទំនុកចិត្តពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់យ៉ាងច្បាស់ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានថា «តើលោក Lavrov នៅតែបន្តកាន់តួនាទីជារដ្ឋមន្ត្រីការបរទេសរុស្ស៊ីឬអត់?» លោក Peskov បានឆ្លើយដោយមិនលាក់លៀមថា «ពិតប្រាកដណាស់!» ដោយបន្ថែមថា បុរសវ័យ ៧៦ ឆ្នាំរូបនេះនៅតែជារដ្ឋមន្ត្រីការបរទេសដ៏សំខាន់របស់ប្រទេសដដែល។
ទោះជាយ៉ាងណា ព័ត៌មានចចាមអារ៉ាមបានផ្ទុះឡើងដោយសាររយៈពេលពីរសប្តាហ៍ជាប់ៗគ្នា ក្រសួងការបរទេសរុស្ស៊ីមិនបានចេញផ្សាយកាលវិភាគទស្សនកិច្ច ឬសុន្ទរកថារបស់លោក Lavrov សម្រាប់សប្តាហ៍ធ្វើការបន្ទាប់ឡើយ។ កាលៈទេសៈនេះបានជំរុញឱ្យមានការសង្ស័យកាន់តែខ្លាំងថា លោកអាចបាត់បង់ការគាំទ្រពីលោក ពូទីន បន្ទាប់ពីផែនការរៀបចំកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិកនៅទីក្រុង Budapest ប្រទេសហុងគ្រីបានបរាជ័យ។
លើសពីនេះ កាសែតឯករាជ្យ The Moscow Times ដែលមានមូលដ្ឋាននៅប្រទេសហូឡង់ បានរាយការណ៍កាលពីថ្ងៃទី ៦ ខែវិច្ឆិកាថា លោក ពូទីន លែងគោរពលោក Lavrov ហើយរដ្ឋមន្ត្រីរូបនេះក៏មិនបានបង្ហាញខ្លួនជាសាធារណៈដែរ បន្ទាប់ពីសហរដ្ឋអាមេរិកបានលុបចោលកិច្ចប្រជុំកំពូលជាមួយរុស្ស៊ីនៅទីក្រុង Budapest ភ្លាមៗនោះ។
ពាក្យចចាមអារ៉ាមកាន់តែរីករាលដាលលើបណ្តាញសង្គម បន្ទាប់ពីអ្នកការទូតជើងចាស់រូបនេះបានអវត្តមានពីវិមានក្រឹមឡាំងនៅថ្ងៃទី ៥ ខែវិច្ឆិកា នៅពេលដែលប្រធានាធិបតីរុស្ស៊ីបានប្រកាសពីការពិចារណាបន្តការសាកល្បងអាវុធនុយក្លេអ៊ែរ។ យោងតាមគេហទំព័ររបស់ក្រសួងការបរទេសរុស្ស៊ី ការបង្ហាញខ្លួនជាសាធារណៈចុងក្រោយបំផុតរបស់រដ្ឋមន្ត្រីការបរទេស Sergei Lavrov គឺនៅថ្ងៃទី ២៨ ខែតុលា នៅសន្និសីទអន្តរជាតិ Minsk ស្តីពីសន្តិសុខអាស៊ី-អឺរ៉ុប នៅរដ្ឋធានីបេឡារុស។
គួរបញ្ជាក់ថា លោក Sergei Lavrov ដែលបច្ចុប្បន្នមានវ័យ ៧៦ ឆ្នាំ បានដឹកនាំក្រសួងការបរទេសរុស្ស៊ីអស់រយៈពេលជាង ២១ ឆ្នាំមកហើយ ដែលជាតួនាទីដ៏យូរអង្វែងមួយ។
