កម្ពុជា-វៀតណាម រឹតចំណងមិត្តភាពយោធា ក្នុងកិច្ចប្រជុំសហប្រតិបត្តិការប្រចាំឆ្នាំលើកទី២៥

កម្ពុជា-វៀតណាម រឹតចំណងមិត្តភាពយោធា ក្នុងកិច្ចប្រជុំសហប្រតិបត្តិការប្រចាំឆ្នាំលើកទី២៥

ភ្នំពេញ ៖ កិច្ចប្រជុំសហប្រតិបត្តិការប្រចាំឆ្នាំលើកទី២៥ រវាងយោធភូមិភាគទី១ នៃកងយោធពលខេមរភូមិន្ទកម្ពុជា និងយោធភូមិភាគទី៥ នៃកងទ័ពប្រជាជនវៀតណាម ត្រូវបានរៀបចំឡើងយ៉ាងមហោឡារឹកនៅទីបញ្ជាការយោធភូមិភាគទី១ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពិធីដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១ និង លោកឧត្តមសេនីយ៍ទោ ឡេ ង៉ុកហាយ មេបញ្ជាការយោធភូមិភាគទី៥ នៃកងទ័ពប្រជាជនវៀតណាម។

ក្នុងនាមជាប្រធានប្តូរវេននៃកិច្ចប្រជុំឆ្នាំនេះ លោកឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ បានគូសបញ្ជាក់ថា៖ ដោយអនុលោមតាមកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល និងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ព្រមទាំងស្មារតីកិច្ចប្រជុំសហប្រតិបត្តិការប្រចាំឆ្នាំលើកទី២៤ កាលពីឆ្នាំ២០២៤ នៅយោធភូមិភាគទី៥ ភាគីទាំងពីរបានរួមគ្នាសម្រេចបាននូវការវិវឌ្ឍរីកចម្រើនគួរឲ្យកត់សម្គាល់លើកិច្ចសហប្រតិបត្តិការ។ ក្នុងនាមជាប្រទេសភូមិផងរបងជាមួយ យោធភូមិភាគទាំងពីរបានរក្សានូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ ទប់ស្កាត់បាននូវរាល់អំពើអនាធិបតេយ្យគ្រប់ទម្រង់ រក្សាសន្តិសុខសុវត្ថិភាពតាមបណ្តោយតំបន់ព្រំដែនក្នុងភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួន ធ្វើឲ្យតំបន់ព្រំដែនប្រែទៅជាតំបន់សន្តិភាព មិត្តភាព ស្ថិរភាព និងការអភិវឌ្ឍន៍រួម។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ទោ ឡេ ង៉ុកហាយ មេបញ្ជាការយោធភូមិភាគទី៥ នៃកងទ័ពប្រជាជនវៀតណាម ក៏បានថ្លែងអំណរគុណ និងសាទរយ៉ាងកក់ក្តៅចំពោះចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងយោធភូមិភាគទាំងពីរ ដែលនឹងបន្តស្ថិតស្ថេរជានិច្ចនិរន្តរ៍តទៅមុខទៀត។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាលើចំណុចសំខាន់ៗមួយចំនួន រួមមាន៖
* បន្តពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ។
* រាល់សភាពការណ៍ដែលកើតមានឡើងតាមបណ្តោយព្រំដែន ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់យោធភូមិភាគទាំងពីរ ត្រូវជូនដំណឹងឲ្យគ្នាទៅវិញទៅមកជាបន្ទាន់ ដើម្បីចាត់វិធានការដោះស្រាយទាន់ពេល។
* សហការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ តាមបណ្តាខេត្តជាប់ព្រំដែន ក្នុងភូមិសាស្ត្រទទួលខុសត្រូវ។
* បន្តជួយសម្របសម្រួលដល់ក្រុមរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលកំពុងបំពេញបេសកកម្មក្នុងភូមិសាស្ត្រយោធភូមិភាគទី១។
* សហការចូលរួមគាំទ្រដល់គណៈកម្មការវាស់វែងបោះបង្គោលព្រំដែនថ្នាក់ជាតិនៃប្រទេសទាំងពីរ។

ភាគីទាំងពីរក៏បានឯកភាពគ្នាថា កិច្ចប្រជុំសហប្រតិបត្តិការប្រចាំឆ្នាំលើកទី២៦ នឹងត្រូវប្រារព្ធឡើងនៅយោធភូមិភាគទី៥ នៃកងទ័ពប្រជាជនវៀតណាម ដោយភាគីវៀតណាមជាអ្នកកំណត់ពេលវេលា និងទីកន្លែង។ បន្ទាប់ពីកិច្ចប្រជុំ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំ និងបានផ្លាស់ប្តូរវត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមក ប្រកបដោយស្មារតីសាមគ្គីអន្តរជាតិដ៏ខ្ពង់ខ្ពស់បំផុត។

You can share this post!

administrator

Related Articles