CDC ចេញមុខបកស្រាយរឿង McDonald’s មកកម្ពុជា៖ គ្រាន់តែពិភាក្សាសក្តានុពលទីផ្សារ

CDC ចេញមុខបកស្រាយរឿង McDonald’s មកកម្ពុជា៖ គ្រាន់តែពិភាក្សាសក្តានុពលទីផ្សារ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញសេចក្តីបំភ្លឺមួយកាលពីពេលថ្មីៗនេះ ដើម្បីបដិសេធព័ត៌មានភ័ន្តច្រឡំមួយចំនួន ដែលបានផ្សព្វផ្សាយថា ក្រុមហ៊ុន McDonald’s នឹងបើកដំណើរការអាជីវកម្មរបស់ខ្លួននៅកម្ពុជា។ ការបំភ្លឺនេះធ្វើឡើងបន្ទាប់ពីមានការបកស្រាយខុសពីខ្លឹមសារជាក់ស្តែងនៃជំនួបរវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយតំណាងក្រុមហ៊ុនសាជីវកម្ម McDonald’s Corporation។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា ជំនួបពិភាក្សាការងារដែលបានធ្វើឡើងកាលពីថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នោះ គឺមានគោលបំណងចម្បងត្រឹមតែដើម្បីពិភាក្សាអំពីសក្តានុពលទីផ្សារ និងលទ្ធភាពនៃការធ្វើអាជីវកម្មរបស់ក្រុមហ៊ុន McDonald’s នៅក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះ។ បច្ចុប្បន្ន មិនទាន់មានការសម្រេចចិត្តជាផ្លូវការណាមួយអំពីការបោះជំហានចូលមកបើកហាងនៅកម្ពុជា ឬការស្វែងរកដៃគូវិនិយោគនៅឡើយទេ។

ក្រុមហ៊ុន McDonald’s បានត្រឹមតែកត់សម្គាល់អំពីទីផ្សារកម្ពុជា សម្រាប់ការរៀបចំយុទ្ធសាស្ត្រពង្រីកទីផ្សាររបស់ខ្លួននាពេលអនាគត។ ទោះជាយ៉ាងណា ក្រុមហ៊ុនកំពុងស្ថិតនៅក្នុងដំណាក់កាលពង្រឹងទីផ្សារដែលមានស្រាប់ជាមុនសិន។ អាស្រ័យហេតុនេះ CDC សូមអំពាវនាវដល់សាធារណជនមេត្តាជ្រាបជាព័ត៌មាន និងបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានដែលនាំឱ្យមានការភ័ន្តច្រឡំតទៅទៀត។

ដោយ៖ តារា

administrator

Related Articles