ភ្នំពេញ៖ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានធ្វើការសរសើរដល់វិស័យស្រូវអង្ករកម្ពុជាថា ពិតជាមានគុណភាពខ្ពស់ដាច់គេ ដោយបានប្រកាសនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ជាមួយគ្នានោះ អូស្ត្រាលីក៏បានប្ដេជ្ញាថា នឹងបន្តគាំទ្រ និងចូលរួមចំណែកជំរុញផលិតភាពនៃការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឲ្យកាន់តែទូលំទូលាយ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកដដែល ស្ថានទូតអូស្ត្រាលីបានលើកឡើងថា «តើបងប្អូនដឹងទេថា កម្ពុជាធ្លាប់បានឈ្នះពានរង្វាន់ជា “អង្ករល្អដាច់គេលើពិភពលោក” ជាច្រើនដងមកហើយ សម្រាប់អង្ករក្រអូបម្លិះអង្គររបស់យើង? វាជារឿងមិនគួរឲ្យភ្ញាក់ផ្អើលទាល់តែសោះ ដែលបច្ចុប្បន្នអង្ករកម្ពុជាកំពុងត្រូវបានដាក់លក់នៅលើធ្នើរហាងទំនិញនានានៅជុំវិញពិភពលោក។»
ស្ថានទូតបានបញ្ជាក់បន្ថែមថា អូស្ត្រាលីបានធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដើម្បីជួយបង្កើនផលិតភាព គុណភាព និងសមត្ថភាពរបស់វិស័យស្រូវអង្ករ ក្នុងការឈានទៅកាន់ទីផ្សារពិភពលោកលំដាប់ថ្នាក់ខ្ពស់។
តម្លៃនៃការគាំទ្រដ៏ធំធេងរបស់អូស្ត្រាលី រួមជាមួយគោលដៅរបស់កម្ពុជាក្នុងការបន្តពង្រីកការនាំចេញអង្កររបស់ខ្លួន ត្រូវបានលើកយកមកបង្ហាញយ៉ាងច្បាស់នៅក្នុងសន្និសីទស្រូវអង្ករពិភពលោកអន្តរជាតិឆ្នាំ២០២៥នេះ។
អូស្ត្រាលីនៅតែបន្តប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រឧស្សាហកម្មស្រូវអង្ករប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាពនាពេលអនាគត។
