កាលពីថ្ងៃទី៧ ខែវិច្ឆិកា ទីក្រុងអង់ការ៉ា (តួកគី) បានប្រកាសជាផ្លូវការនូវដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ រួមជាមួយមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលចំនួន ៣៦ រូបផ្សេងទៀត។ ការសម្រេចចិត្តដ៏ភ្ញាក់ផ្អើលនេះ ធ្វើឡើងបន្ទាប់ពីការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលបានប្រព្រឹត្តនៅក្នុងជម្លោះហ្គាហ្សាកាលពីពេលកន្លងទៅ។ នេះបើយោងតាមការផ្សាយរបស់ Al Jazeera។
ការិយាល័យរដ្ឋអាជ្ញាទីក្រុងអ៊ីស្តង់ប៊ុល បានបញ្ជាក់ថា ដីកាចាប់ខ្លួននេះក៏បានតម្រង់ទៅរដ្ឋមន្ត្រីការពារជាតិ លោក Israel Katz រដ្ឋមន្ត្រីសន្តិសុខជាតិ លោក Itamar Ben-Gvir និងប្រមុខកងទ័ព លោក Eyal Zamir ព្រមទាំងមន្ត្រីសំខាន់ៗមួយចំនួនទៀត។
រដ្ឋអាជ្ញាតួកគីបានចោទប្រកាន់មេដឹកនាំអ៊ីស្រាអែលទាំងនេះថា បាន «ប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជាប្រព័ន្ធ» ចាប់តាំងពីការផ្ទុះជម្លោះហ្គាហ្សាក្នុងខែតុលា ឆ្នាំ២០២៣ មកម្ល៉េះ។ ក្នុងនោះ សេចក្ដីថ្លែងការណ៍បានរៀបរាប់ពីឧប្បត្តិហេតុដ៏រន្ធត់ជាច្រើន រួមមានការទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យ al-Ahli Baptist នៅហ្គាហ្សាកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ដែលបណ្ដាលឲ្យមនុស្សជាង ៥០០ នាក់ស្លាប់ និងការបំផ្លិចបំផ្លាញកន្លែងវេជ្ជសាស្ត្រផ្សេងទៀតដោយកងកម្លាំងអ៊ីស្រាអែលកាលពីខែកុម្ភៈ ឆ្នាំ២០២៤។

បន្ថែមពីនេះ ការិយាល័យរដ្ឋអាជ្ញាក៏បានលើកឡើងពីការវាយប្រហារផ្លូវអាកាសកាលពីខែមីនា ឆ្នាំ២០២៤ ទៅលើមន្ទីរពេទ្យមិត្តភាពតួកគី-ប៉ាឡេស្ទីន ដែលជាគម្រោងសាងសង់របស់តួកគីនៅក្នុងតំបន់ហ្គាហ្សា។
ទោះជាយ៉ាងណា រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បានច្រានចោលយ៉ាងដាច់អហង្ការនូវទង្វើនេះ ដោយចាត់ទុកថាជា «ព័ត៌មានផ្សព្វផ្សាយបង្កប់ចេតនាអាក្រក់» ដែលបង្កើតឡើងដោយ «មេដឹកនាំផ្តាច់ការ» លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី។
ផ្ទុយទៅវិញ ក្រុមហាម៉ាសបានសាទរយ៉ាងខ្លាំងចំពោះការសម្រេចចិត្តនេះ ដោយចាត់ទុកថាជា «វិធានការដ៏គួរឲ្យសរសើរ ដែលបញ្ជាក់ពីជំហរដ៏ស្មោះត្រង់របស់ប្រជាជនតួកគី និងមេដឹកនាំរបស់ពួកគេ ដែលតែងតែប្តេជ្ញាចិត្តចំពោះតម្លៃនៃយុត្តិធម៌ និងមនុស្សជាតិ»។
គួររំលឹកផងដែរថា ការប្រកាសនេះកើតឡើងជិតមួយឆ្នាំ បន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោក ណេតាន់យ៉ាហ៊ូ និងអតីតរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant ពីបទឧក្រិដ្ឋកម្មសង្គ្រាម។ មិនតែប៉ុណ្ណោះ តួកគីក៏បានចូលរួមក្នុងសំណុំរឿងប្រល័យពូជសាសន៍របស់អាហ្វ្រិកខាងត្បូង ប្រឆាំងនឹងអ៊ីស្រាអែល នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីឆ្នាំមុនផងដែរ។
យោងតាមអាជ្ញាធរសុខាភិបាលហ្គាហ្សា បានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន ៦៨ ៨៧៥ នាក់បានបាត់បង់ជីវិត និង ១៧០ ៦៧៩ នាក់ផ្សេងទៀតរងរបួស ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួនក្នុងខែតុលា ឆ្នាំ២០២៣។
