ភ្នំពេញ៖ សៀវភៅគ្រួសារ ដែលជាឯកសារសំខាន់សម្រាប់បញ្ជាក់ចំណងញាតិភាពរវាងប្តី ប្រពន្ធ កូនបង្កើត និងកូនស្មុំ សម្រាប់ជនជាតិខ្មែរ មិនអាចប្រើប្រាស់ជាឯកសារបញ្ជាក់កម្មសិទ្ធិលំនៅឋានបានឡើយ។ នេះបើយោងតាមសេចក្តីណែនាំស្តីពី បែបបទ និងនីតិវិធីនៃការងារចុះបញ្ជី និងគ្រប់គ្រងការស្នាក់នៅ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គ្រួសារដែលមានសមាជិកជាជនជាតិខ្មែរ និងកំពុងរស់នៅអចិន្ត្រៃយ៍ក្នុងប្រទេសកម្ពុជា ទើបអាចចុះបញ្ជី និងស្នើសុំសៀវភៅគ្រួសារបាន។ រីឯជនជាតិខ្មែរដែលរស់នៅក្រៅប្រទេស អាចចុះឈ្មោះជាមួយឪពុកម្ដាយដែលរស់នៅក្នុងប្រទេសកម្ពុជាបាន ប៉ុន្តែជនបរទេសពុំមានសិទ្ធិចុះបញ្ជីគ្រួសារ ឬប្រើប្រាស់សៀវភៅគ្រួសារឡើយ។
សម្រាប់នីតិវិធី មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នឹងជួយបំពេញសំណុំបែបបទតាមការស្នើសុំរបស់មេគ្រួសារ ដោយមានភ្ជាប់ឯកសារចាំបាច់។ បន្ទាប់ពីចម្លងទិន្នន័យចូលបញ្ជីគ្រួសារ និងសៀវភៅគ្រួសារបានត្រឹមត្រូវ ដោយមិនអនុញ្ញាតឱ្យសរសេរអក្សរកាត់ ឬប្រើប្រាស់សញ្ញាផ្សេងៗ មេគ្រួសារត្រូវផ្តិតមេដៃលើបញ្ជីគ្រួសារ។ ក្រោយមក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលនឹងចុះហត្ថលេខា និងបោះត្រា រួចបញ្ជូនសៀវភៅគ្រួសារទៅសុំការសម្រេចពីអធិការនគរបាលក្រុង ស្រុក ខណ្ឌ ដើម្បីចុះហត្ថលេខា និងបោះត្រាជាស្ថាពរ។
លោកបណ្ឌិត ទូច សុឃៈ បានបន្តថា អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ នីមួយៗ នឹងចុះលេខរៀងសម្គាល់លើសៀវភៅគ្រួសារចំនួន ៦ខ្ទង់ (ចាប់ពីលេខ ០០០ ០០១) រួចបញ្ជូនត្រឡប់មកប៉ុស្តិ៍នគរបាលរដ្ឋបាលវិញ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋ។ ការផ្តល់សៀវភៅគ្រួសារនេះ ត្រូវធ្វើឡើងឱ្យបានលឿនបំផុត ពោលគឺមិនឱ្យលើសពី ១៥ថ្ងៃឡើយ ប្រសិនបើឯកសារភ្ជាប់គ្រប់គ្រាន់ និងត្រឹមត្រូវ។
ចំពោះពលរដ្ឋដែលត្រូវស្នើសុំសៀវភៅគ្រួសារ គឺប្តី ឬប្រពន្ធ ត្រូវដាក់ពាក្យស្នើសុំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដោយភ្ជាប់ឯកសារដូចជា៖ សៀវភៅស្នាក់នៅ និងសំបុត្រកំណើត (សម្រាប់ប្តីប្រពន្ធ ត្រូវមានសំបុត្រអាពាហ៍ពិពាហ៍)។ ប្រសិនបើជាករណីកូនស្មុំ ត្រូវមានសាលក្រមតុលាការ ហើយសម្រាប់ជនបរទេសដែលទទួលបានសញ្ជាតិខ្មែរ ត្រូវភ្ជាប់ច្បាប់ចម្លងព្រះរាជក្រឹត្យចូលសញ្ជាតិខ្មែរ។
គួរកត់សម្គាល់ថា ការធ្វើសៀវភៅគ្រួសារនេះ គឺមិនតម្រូវឱ្យបង់ប្រាក់នោះទេ ដូចទៅនឹងការធ្វើអត្តសញ្ញាណប័ណ្ណ និងសៀវភៅស្នាក់នៅដែរ។ លោកបណ្ឌិត ទូច សុឃៈ បានជំរុញដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ និងអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឱ្យបន្តខិតខំបំពេញភារកិច្ចផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និងត្រឹមត្រូវតាមគោលការណ៍ ដើម្បីទទួលបាននូវការគោរពស្រឡាញ់ ពេញចិត្ត និងគាំទ្រពីមហាជន។ ជាមួយគ្នានេះ លោកក៏បានសំណូមពរឱ្យប្រជាពលរដ្ឋរៀបចំឯកសារភ្ជាប់ជូនមន្ត្រីឱ្យបានត្រឹមត្រូវ ដើម្បីសម្រួលដល់ដំណើរការការងារឱ្យកាន់តែរលូន និងឆាប់រហ័ស។
ដោយ ៖ សិលា
