(ព្រះសីហនុ)៖ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអំពាវនាវឱ្យមានការជំរុញល្បឿនសេវា Internet នៅលើទីក្រុងកោះរ៉ុង ឲ្យកាន់តែលឿននិងខ្លាំង ដើម្បីបំពេញតម្រូវការភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋជាង ១ពាន់គ្រួសារដែលកំពុងរស់នៅទីនោះ ស្របតាមការវិវត្តន៍បច្ចេកវិទ្យា។
ការជំរុញនេះកើតឡើងក្រោយពីឯកឧត្ដមបានសង្កេតឃើញផ្ទាល់ថា ភ្ញៀវទេសចរដែលមកលំហែកាយនៅកោះរ៉ុង ភាគច្រើនបានប្រើប្រាស់កុំព្យូទ័រដើម្បីបំពេញការងារ ឬកម្សាន្ត។ ហេតុនេះ ការបង្កើនល្បឿន Internet នឹងក្លាយជាកត្តាទាក់ទាញដ៏សំខាន់ បន្ថែមភ្ញៀវទេសចរកាន់តែច្រើន បង្កើតឱកាសការងារ និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សេដ្ឋកិច្ចកោះរ៉ុងមានមុខរបរសំខាន់ៗចំនួន៣ គឺការទិញ-លក់ដីធ្លី វិស័យទេសចរណ៍ និងបច្ចុប្បន្ន ដោយសារបច្ចេកវិទ្យាជឿនលឿន បានទាក់ទាញបុគ្គលិកក្រុមហ៊ុនធំៗ និងអ្នកជំនួញជាច្រើន មកធ្វើការពីចម្ងាយនៅលើកោះនេះ។ ដូចនេះ ល្បឿន Internet លឿនគឺជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍន៍ និងកំណើនសេដ្ឋកិច្ចកោះរ៉ុង។
ឯកឧត្ដម សាយ សំអាល់ បានមានប្រសាសន៍ថា៖ «ខ្ញុំឃើញនៅទីនេះ មនុស្សកាន់កុំព្យូទ័រច្រើន។ ពេលត្រឡប់ទៅវិញ ខ្ញុំនឹងជួបឯកឧត្ដម ជា វ៉ាន់ដេត ដើម្បីពិភាក្សាធ្វើយ៉ាងណាឱ្យ Internet នៅទីនេះលឿនជាងមុន។ ប្រហែលជាយើងត្រូវអូសខ្សែកាបក្រោមសមុទ្របន្ថែម ព្រោះការទំនាក់ទំនងដោយបច្ចេកវិទ្យាគឺសំខាន់ខ្លាំងណាស់»។
ជាការកត់សម្គាល់ ថ្មីៗនេះមានព័ត៌មានមិនពិតមួយចំនួនបានផ្សព្វផ្សាយថា កោះរ៉ុងត្រូវបានលក់ទៅឱ្យក្រុមឈ្មួញ ឬអភិវឌ្ឍន៍សម្រាប់តែអ្នកមានទ្រព្យធន។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានច្រានចោលទាំងស្រុងនូវព័ត៌មានទាំងនោះ ដោយបញ្ជាក់ថា ស្ថានភាពជាក់ស្ដែងខុសពីការលើកឡើងនេះ ព្រោះកោះរ៉ុងមានបងប្អូនប្រជាពលរដ្ឋខ្មែរជាង ១ពាន់គ្រួសារកំពុងរស់នៅ។
អាជ្ញាធរបានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបអាចទៅលេងកម្សាន្តនៅកោះរ៉ុងដោយសេរី។ រាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធនឹងបន្តអភិវឌ្ឍកោះរ៉ុងឱ្យកាន់តែទំនើប និងទាក់ទាញ ដើម្បីទទួលស្វាគមន៍ទាំងភ្ញៀវទេសចរ និងអ្នកវិនិយោគធំៗមកពីបរទេសនាពេលអនាគត។
យោងតាមរបាយការណ៍អាជ្ញាធរក្រុង កោះរ៉ុងមានផ្ទៃដីសរុប ១១,៣២៣.៨៩ហិកតា ដែលបែងចែកជាដីកសិកម្ម ២,០៥០ហិកតា ដីលំនៅឋាន ៤២៤ហិកតា ដីព្រៃឈើ ៦,២២២.៣៨ហិកតា និងដីទំនេរ ២,៦២៧.៥១ហិកតា។
កោះរ៉ុងសំបូរទៅដោយធនធានធម្មជាតិស្រស់ស្អាត រួមមានតំបន់អេកូទេសចរណ៍ ជលផល ប្រព័ន្ធជីវៈចម្រុះ កូនកោះ ព្រែកកោងកាង ទឹកធ្លាក់ និងឆ្នេរខ្សាច់ដ៏សខ្ចី។ ទាំងអស់នេះជាសក្ដានុពលដ៏ធំសម្រាប់វិស័យទេសចរណ៍ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកវិនិយោគយ៉ាងច្រើនកុះករជារៀងរាល់ឆ្នាំ។
ផ្អែកលើស្ថានភាពភូមិសាស្ត្រ និងសក្ដានុពលទេសចរណ៍ ក្រុងកោះរ៉ុងមានកំពង់ផែចម្លងចំនួន ៤៤កន្លែង ដែលបម្រើដល់ការដឹកជញ្ជូនភ្ញៀវទេសចរ ផលិតផលកសិកម្ម និងសម្ភារៈផ្សេងៗ សម្រាប់ទ្រទ្រង់អាជីវកម្ម ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសេវាកម្មភ្ញៀវទេសចរ។
បច្ចុប្បន្ន ក្រុងកោះរ៉ុងមានប្រជាពលរដ្ឋសរុប ៤,៤៣០នាក់ (ស្រី ២,១៤៤នាក់) ដែលក្នុងនោះមាន ១,៣៩៥គ្រួសារ រួមមានគ្រួសារអចិន្ត្រៃយ៍ ១,១៦៦គ្រួសារ និងគ្រួសារបណ្ដោះអាសន្ន ២២៩គ្រួសារ។ ក្រៅពីនេះក៏មានប្រជាពលរដ្ឋចំណាកស្រុក ៤៣នាក់ផងដែរ។
