ខេត្តកណ្តាល៖ កម្លាំងនគរបាលស្រុកកៀនស្វាយ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់មួយកាលពីវេលាម៉ោង ២១:២០ នាទីយប់ ថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សាម៉ុន វស្សា ហៅខ្លឹម ភេទប្រុស កើតឆ្នាំ២០០៤ មុខរបរមិនពិតប្រាកដ រស់នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខណៈដែលជនសង្ស័យ ២នាក់ផ្សេងទៀតបានរត់គេចខ្លួនបាត់។

មន្ត្រីនគរបាលបានបញ្ជាក់ថា វត្ថុតាងដែលចាប់យកបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ១៤កញ្ចប់តូច មានទម្ងន់សរុប ២,៨០ ក្រាម រួមជាមួយសម្ភារៈវេចខ្ចប់ និងប្រើប្រាស់ថ្នាំញៀនមួយចំនួនផងដែរ។
មុនឈានដល់ការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា មានសកម្មភាពជួញដូរថ្នាំញៀនយ៉ាងមមាញឹកនៅផ្ទះរបស់ឈ្មោះ សាម៉ុន វស្សា ហៅខ្លឹម ក្នុងភូមិកោះប្រាក់ ឃុំភូមិធំ។ ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ សហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បានចុះទៅដល់ចំណុចកើតហេតុ និងធ្វើការឃាត់ខ្លួនឈ្មោះ សាម៉ុន វស្សា ហៅខ្លឹម ភេទប្រុស បានតែម្តង។

បន្ទាប់ពីឃាត់ខ្លួន កម្លាំងជំនាញបានធ្វើការត្រួតពិនិត្យជាក់ស្តែង រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ១៤កញ្ចប់តូច និងសម្ភារៈវេចខ្ចប់មួយចំនួន រួចក៏បាននាំខ្លួនជនសង្ស័យមកកាន់ប៉ុស្តិ៍នគរបាល ដើម្បីសួរនាំលម្អិត។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ សាម៉ុន វស្សា ហៅខ្លឹម បានសារភាពថា ម្សៅក្រាមពណ៌សថ្លាទាំង ១៤កញ្ចប់តូចនោះ ពិតជាសារធាតុញៀនរបស់ខ្លួនប្រាកដមែន ដោយទទួលបានពីឈ្មោះ សិដ្ឋ សំណាង ដើម្បីយកមកទុកលក់បន្ត។ ជនសង្ស័យបន្តថា កន្លងមកឈ្មោះ សិដ្ឋ សំណាង បានឲ្យថ្នាំញៀនខ្លួនចំនួន ១០ដង រាល់លើកពី ១៥ ទៅ ២០កញ្ចប់តូច ដោយលក់ក្នុងតម្លៃ ១៥ ០០០រៀល ទៅ ២០ ០០០រៀល ក្នុងមួយកញ្ចប់។ ចំណែកឈ្មោះ ពៅ ដាវីត ក៏ធ្លាប់ឲ្យថ្នាំញៀនខ្លួនទុកលក់ចំនួន ២០ដងផងដែរ ដែលម្តងៗពី ១៥ ទៅ ២០កញ្ចប់តូច។

ឈ្មោះ សាម៉ុន វស្សា បន្តទៀតថា កន្លងមកនៅពេលដែលឈ្មោះ សិដ្ឋ សំណាង អស់ថ្នាំញៀនលក់ គឺឈ្មោះ ពៅ ដាវីត បានយកថ្នាំញៀនមកឲ្យខ្លួនលក់បន្ត។ ខ្លួនបានចែកចាយថ្នាំញៀន (ម៉ាទឹកកក) អស់រយៈពេល ៣ខែមកហើយ និងបានប្រើប្រាស់ថ្នាំញៀនប្រភេទនេះរយៈពេល ១ឆ្នាំមកហើយ។
បច្ចុប្បន្ន ក្រោយពីការសួរនាំចប់សព្វគ្រប់ កម្លាំងនគរបាលបានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាង ទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់បន្ត។
