កងរាជអាវុធហត្ថស្វាយរៀង បញ្ជូនជនសង្ស័យ២នាក់ ព្រមវត្ថុតាងជិត១គីឡូកន្លះ ទៅតុលាការករណីគ្រឿងញៀន

កងរាជអាវុធហត្ថស្វាយរៀង បញ្ជូនជនសង្ស័យ២នាក់ ព្រមវត្ថុតាងជិត១គីឡូកន្លះ ទៅតុលាការករណីគ្រឿងញៀន

ខេត្តស្វាយរៀង៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបញ្ជូនជនសង្ស័យចំនួន ២នាក់ រួមទាំងវត្ថុតាងជាគ្រឿងញៀនជិត ១.៥ គីឡូក្រាម ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់។

ជនសង្ស័យទាំងពីរនាក់ រួមមាន៖
១. ឈ្មោះ ជី សំណាង ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាចុងភៅ បច្ចុប្បន្នស្នាក់នៅក្នុងកាស៊ីណូឡឺម៉ាកាវ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង (លទ្ធផលតេស្តវិជ្ជមានសារធាតុញៀន)។
២. ឈ្មោះ ស៊ីវ ទីទី ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង (លទ្ធផលតេស្តវិជ្ជមានសារធាតុញៀន)។

ប្រភពពីកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបករណីនេះ បានធ្វើឡើងនៅវេលាម៉ោង ៣ និង ៥ នាទីរសៀល ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្រោមការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ត្រី គ្រុយ សុខឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត រួមជាមួយការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង កម្លាំងជំនាញបានចុះបង្ក្រាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខាងមុខកាស៊ីណូឡឺម៉ាកាវ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយឃាត់ខ្លួនជនសង្ស័យបាន ២នាក់ភ្លាមៗ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនធំ រួមមាន៖
* ថ្នាំក្រាមពណ៌សថ្លា ចំនួន ១០ កញ្ចប់ ទម្ងន់ ១,០៧៣.១ ក្រាម (ប្រភេទមេតំហ្វេតាមីន)
* ថ្នាំគ្រាប់ពណ៌បៃតង ចំនួន ០១ កញ្ចប់ ទម្ងន់ ៥៨.១ ក្រាម (ប្រភេទអ៊ិចស្ត្រាស៊ី)
* ម្សៅម៉ត់ពណ៌ស ចំនួន ០៣ កញ្ចប់ ទម្ងន់ ១២.២ ក្រាម (ប្រភេទកេតាមីន)
* ទូរស័ព្ទដៃ ចំនួន ០៣ គ្រឿង
* ម៉ូតូ ចំនួន ០១ គ្រឿង
* ខ្សែកលោហៈធាតុពណ៌លឿង ចំនួន ០១ ខ្សែ
* ចិញ្ចៀនលោហៈធាតុពណ៌លឿង ចំនួន ០២ វង់
* នាឡិកាដៃ ចំនួន ០១ គ្រឿង
* កាបូបពណ៌ខ្មៅ ចំនួន ០២ (កាបូបស្ពាយ ០១ និងកាបូបដៃដាក់លុយ ០១)
* និងសម្ភារៈសម្រាប់វេចខ្ចប់ ព្រមទាំងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរ និងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

administrator

Related Articles