Meta ត្រៀមវិនិយោគជាង 600 ពាន់លានដុល្លារអាមេរិក ដើម្បីពង្រីកមជ្ឈមណ្ឌលទិន្នន័យ AI ដ៏ធំសម្បើម

Meta ត្រៀមវិនិយោគជាង 600 ពាន់លានដុល្លារអាមេរិក ដើម្បីពង្រីកមជ្ឈមណ្ឌលទិន្នន័យ AI ដ៏ធំសម្បើម

ក្រុមហ៊ុនបច្ចេកវិទ្យា Meta បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួននឹងបោះទុនវិនិយោគយ៉ាងតិច ៦០០ ពាន់លានដុល្លារអាមេរិក ទៅលើហេដ្ឋារចនាសម្ព័ន្ធ និងការងារនៅក្នុងសហរដ្ឋអាមេរិក សម្រាប់រយៈពេល ៣ ឆ្នាំខាងមុខ។ ការវិនិយោគដ៏មហាសាលនេះ គឺដើម្បីពង្រីកមជ្ឈមណ្ឌលទិន្នន័យបញ្ញាសិប្បនិម្មិត (AI) ដ៏ធំសម្បើម ដែលជាផ្នែកមួយនៃការប្រកួតប្រជែងរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សមួយនេះ ដើម្បីជំរុញមហិច្ឆតា AI របស់ខ្លួន។

ជាក់ស្ដែង Meta កំពុងតែផ្ដោតការយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យ AI ដោយបានប្ដេជ្ញាចំណាយថវិការាប់រយពាន់លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យ AI ខ្នាតយក្សជាច្រើនបន្ថែមទៀត ព្រមទាំងមានគម្រោងចំណាយកាន់តែច្រើនឡើងៗ ដើម្បីបំពេញតម្រូវការផ្នែកកុំព្យូទ័រនាពេលអនាគត។

នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg ធ្លាប់បានបញ្ជាក់ប្រាប់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump រួចមកហើយថា Meta នឹងវិនិយោគយ៉ាងហោចណាស់ ៦០០ ពាន់លានដុល្លារ នៅក្នុងសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ការលើកឡើងនេះ ធ្វើឡើងក្នុងអំឡុងពេលអាហារពេលល្ងាចនៅសេតវិមាន កាលពីខែកញ្ញា។
Meta AI Data Center
លោក Zuckerberg បានបន្ថែមថា ការវិនិយោគលើការគណនា (computing) គឺជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវមួយ ក្នុងការបង្កើនសមត្ថភាពផ្ទុកទិន្នន័យនាពេលអនាគត ដែលអាចនឹងក្លាយជាប្រភពចំណូលថ្មីរបស់ក្រុមហ៊ុនផងដែរ។

កាលពីខែមុន ក្រុមហ៊ុនមេរបស់ Facebook នេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទាន ២៧ ពាន់លានដុល្លារ ជាមួយក្រុមហ៊ុន Blue Owl Capital ដើម្បីផ្ដល់មូលនិធិដល់ការសាងសង់មជ្ឈមណ្ឌលទិន្នន័យដ៏ធំនៅរដ្ឋ Louisiana ដែលត្រូវបានចាត់ទុកជាគម្រោងដ៏ធំបំផុតរបស់ Meta នៅទូទាំងពិភពលោក។

មិនតែប៉ុណ្ណោះ កាលពីខែតុលា Meta ក៏បានប្រកាសវិនិយោគ ១.៥ ពាន់លានដុល្លារផងដែរ លើមជ្ឈមណ្ឌលទិន្នន័យមួយផ្សេងទៀតនៅរដ្ឋតិចសាស់ ដែលជាកន្លែងសាងសង់ទី ២៩ របស់ខ្លួននៅជុំវិញពិភពលោក។

administrator

Related Articles