នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ CCFR បានឱ្យដឹងថា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចេញផ្សាយជាផ្លូវការនូវសៀវភៅសមួយក្បាលដែលមានចំណងជើងថា «ប្រតិបត្តិការរបស់ចិនដើម្បីសម្រេចការកាត់បន្ថយបរិមាណបញ្ចេញឧស្ម័នពីផ្ទះកញ្ចក់បន្ទាប់ពីឡើងដល់ចំណុចកំពូល និងអព្យាក្រឹត្យភាពកាបូន »។
សៀវភៅសដ៏សំខាន់នេះ បានលើកឡើងយ៉ាងច្បាស់ថា ការសម្រេចបាននូវការកាត់បន្ថយបរិមាណឧស្ម័នផ្ទះកញ្ចក់ឱ្យដល់ចំណុចកំពូល រួចបន្តឆ្ពោះទៅរកអព្យាក្រឹត្យភាពកាបូន គឺជាការប្តេជ្ញាចិត្តនិងជាយុទ្ធសាស្ត្រដ៏ធំធេងរបស់ចិន ក្នុងការទទួលខុសត្រូវខ្ពស់ចំពោះអរិយធម៌មនុស្សជាតិ ព្រមទាំងបំពេញតាមតម្រូវការផ្ទៃក្នុងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ខ្លួន។

អស់រយៈពេល ៥ ឆ្នាំកន្លងមកនេះ ចាប់តាំងពីបានប្រកាសពីគោលដៅកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ដល់ចំណុចកំពូល និងឈានទៅរកអព្យាក្រឹត្យភាពកាបូន ប្រទេសចិនបានពង្រឹងនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវទស្សនៈ «ទឹកថ្លាភ្នំបៃតងជាភ្នំមាសភ្នំប្រាក់»។ តាមរយៈការជំរុញយ៉ាងសកម្មនូវបរិវត្តកម្មទៅជាសេដ្ឋកិច្ចកាបូនទាប និងបៃតង ចិនបានទទួលនូវសមិទ្ធផលប្រវត្តិសាស្ត្រគួរជាទីមោទនៈ។
សៀវភៅសនេះ ក៏បានគូសបញ្ជាក់ផងដែរថា បញ្ហាបម្រែបម្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមរួមរបស់មនុស្សជាតិទាំងមូល ដែលទាមទារឱ្យពិភពលោកទាំងមូលចូលរួមយ៉ាងទូលំទូលាយ និងធ្វើសកម្មភាពរួមគ្នាដោយស្មារតីទទួលខុសត្រូវខ្ពស់។
ឈរលើស្មារតីទទួលខុសត្រូវចំពោះអនាគតដ៏ភ្លឺស្វាង ចិនមានឆន្ទៈដ៏មោះមុតក្នុងការធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីរួមគ្នាកសាងមូលដ្ឋានគ្រឹះនៃអរិយធម៌អេកូឡូស៊ី ដើរតាមមាគ៌ាអភិវឌ្ឍន៍បៃតង និងពួតដៃគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកអាកាសធាតុសកល ក្នុងគោលបំណងកសាងពិភពលោកមួយដែលស្រស់ស្អាតនិងនិរន្តរភាពជាងមុន។
ដោយ៖ តារា
