ភ្នំពេញ៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំពិធី “ទិវាបើកទ្វារ” ដ៏អធិកអធមមួយឡើង ដើម្បីពង្រឹងចំណងមិត្តភាពដែកថែបរវាងប្រជាជនកម្ពុជា-ចិន ស្របពេលដែលឆ្នាំនេះគឺជា “ឆ្នាំទេសចរណ៍ចិន-កម្ពុជា”។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការជួបជុំគ្នាប៉ុណ្ណោះទេ តែជាការបណ្តុះនូវការយល់ដឹងកាន់តែស៊ីជម្រៅពីប្រទេសទាំងពីរ។

លោកស្រី ចុង ចៀ តំណាងស្ថានទូតចិនប្រចាំនៅកម្ពុជា បានលើកឡើងថា ការជួបជុំបែបនេះ នឹងធ្វើឱ្យយើងទាំងអស់គ្នាកាន់តែយល់ច្បាស់ និងទទួលអារម្មណ៍យ៉ាងជ្រាលជ្រៅថា ប្រទេសចិន និងកម្ពុជាពិតជាអ្នកជិតខាងល្អ មិត្តល្អ និងបងប្អូនល្អនឹងគ្នា។ លោកស្រីបានបញ្ជាក់ថា កម្មវិធីនេះមានភាពសំបូរបែប ដោយមានការសម្តែងសិល្បៈបែបចិនជាច្រើនប្រភេទ បង្ហាញម្ហូបអាហារប្រពៃណីចិន រួមទាំងការបង្ហាញពីភាពសម្បូរបែបនៃភូមិសាស្ត្រ វប្បធម៌ ប្រជាជន និងទំនៀមទម្លាប់របស់ប្រទេសចិន តាមរយៈការសរសេរអក្សរផ្ចង់ គំនូរ និងមុខម្ហូបឆ្ងាញ់ៗផងដែរ។

លោកស្រី ថុង សាវលីង អនុប្រធានសមាគមការទូតសាធារណៈចិន បានគូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នេះ គឺជាជំហានដ៏សំខាន់ក្នុងការអនុវត្ត “ឆ្នាំទេសចរណ៍ចិន-កម្ពុជា” ឆ្នាំ២០២៥។ គោលបំណងគឺដើម្បីលើកកម្ពស់ចំណងវប្បធម៌ និងទេសចរណ៍ រួមទាំងការស្វែងយល់ពីសិល្បៈ វប្បធម៌ និងបទពិសោធន៍ម្ហូបអាហារបែបប្រពៃណី ដែលមានលក្ខណៈពិសេសតាមតំបន់នីមួយៗនៃប្រទេសចិន។

ក្រុមយុវជនកម្ពុជាដែលបានចូលរួមក្នុងកម្មវិធីនេះ បានបង្ហាញការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង។ ពួកគេបានថ្លែងអំណរគុណដល់ភាគីចិនដែលបានរៀបចំកម្មវិធីដ៏មានអត្ថន័យនេះឡើង ដើម្បីបើកឱកាសឱ្យយុវជននៃប្រទេសទាំងពីរ កម្ពុជា-ចិន បានជួបជុំ ផ្លាស់ប្តូរ និងស្វែងយល់ពីវប្បធម៌គ្នាទៅវិញទៅមក។


សូមបញ្ជាក់ថា ភ្ញៀវចូលរួមក្នុងកម្មវិធីដ៏មមាញឹកនេះ មានមកពី“ផ្ទះយុវជនមិត្តភាពកម្ពុជា-ចិន” តំណាងសមាគមការទូតសាធារណៈចិន សហព័ន្ធភោជនីយដ្ឋានចិនពិភពលោក ក្រុមសិល្បៈចិន និងសមាគមលើកកម្ពស់ការអភិវឌ្ឍន៍ឧស្សាហកម្មម្ហូបអាហារ Chaoshan ក្រុង Shantou!ជាដើម។






ដោយ៖ តារា
