លោក Sean Duffy រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក បានចេញសារព្រមានយ៉ាងច្បាស់កាលពីថ្ងៃសុក្រថា ក្រុមហ៊ុនអាកាសចរណ៍អាមេរិកអាចនឹងត្រូវបង្ខំចិត្តកាត់បន្ថយជើងហោះហើររហូតដល់ ២០% បើស្ថានភាពបិទទ្វាររដ្ឋាភិបាលនៅតែបន្តអូសបន្លាយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ការព្រមានដ៏ធ្ងន់ធ្ងរពីមន្ត្រីជាន់ខ្ពស់រូបនេះ កើតមានឡើងបន្ទាប់ពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានចេញសេចក្តីណែនាំដល់ក្រុមហ៊ុនអាកាសចរណ៍ឱ្យកាត់បន្ថយជើងហោះហើរ ៤% រួចទៅហើយកាលពីថ្ងៃសុក្រ ដោយប៉ះពាល់ដល់អាកាសយានដ្ឋានសំខាន់ៗចំនួន ៤០ ដោយសារតែវិបត្តិបិទទ្វាររដ្ឋាភិបាល។ ការកាត់បន្ថយនេះត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ១០% នៅត្រឹមថ្ងៃទី ១៤ ខែវិច្ឆិកាខាងមុខ។
ជាក់ស្តែង វិបត្តិបិទទ្វាររដ្ឋាភិបាលបានធ្វើឱ្យអវត្តមានអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសកើនឡើងយ៉ាងគំហុកកាលពីថ្ងៃសុក្រ ដែលបណ្តាលឱ្យ FAA ត្រូវបង្ខំចិត្តពន្យារពេលជើងហោះហើររាប់រយជើងនៅអាកាសយានដ្ឋានធំៗចំនួន ១០ រួមមាន៖ Atlanta, San Francisco, Houston, Phoenix, Washington, D.C. និង Newark។ យោងតាមគេហទំព័រ FlightAware ត្រឹមម៉ោង ៧:៣០ នាទីយប់ មានជើងហោះហើរជាង ៥,៣០០ ជើងត្រូវបានពន្យារពេល។

គួរបញ្ជាក់ថា ការបិទទ្វាររដ្ឋាភិបាលសហរដ្ឋអាមេរិកនេះ កើតឡើងដោយសារសមាជិកសភាទាំងពីរគណបក្សមិនអាចឯកភាពគ្នាលើកញ្ចប់ថវិកាប្រើប្រាស់សហព័ន្ធថ្មីបាន។ គិតត្រឹមថ្ងៃសុក្រ ទី ៧ ខែវិច្ឆិកា វិបត្តិនេះបានអូសបន្លាយរយៈពេល ៣៨ ថ្ងៃហើយ ដោយបង្ខំឱ្យអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសចំនួន ១៣,០០០ នាក់ និងអ្នកត្រួតពិនិត្យសន្តិសុខចំនួន ៥០,០០០ នាក់ ត្រូវបន្តបំពេញការងារដោយគ្មានប្រាក់ឈ្នួល ដែលជាហេតុនាំឱ្យមានការអវត្តមានកាន់តែច្រើនឡើងៗ។
